Cctime ezgif.com resize
Img 0571

អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌាជួសជុលខ្លោងទ្វារ«ប្រាសាទតាព្រហ្ម» ប្រសើរឡើង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹងព្រមទាំងខ្លោងទ្វារនេះទាំងមូលអាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។

លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។ 

អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភានេះ ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។

លោក PVNCM ESWAR ឱ្យដឹងទៀតថា បើទោះបីជាយើងបានដាក់ថ្មថ្មីរួចក៏ពិតមែន ប៉ុន្តែយើងត្រូវសិក្សាបន្ថែមទៀត ថាតើសំណង់ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មនេះ បន្ទាប់ពីជួសជុលហើយ តើវារឹងមាំបែបណា? ដោយយើងនៅតែតាមដានរហូតនៅពេលជួសជុលថ្មអាចមានបញ្ហាខ្លះៗ។ ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម បានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ដោយប្រើប្រាស់ជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូលនិងបិតភ្ជាប់មុខដំណរថ្ម និងការពារជម្រាបទឹកភ្លៀងជាដើម។

សូមបញ្ជាក់ថា បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម គឺរចនាសម្ពន្ធរបស់ទាំងមូលតែម្តង ដោយសារ ដើមឈើធំៗដុសឬសចាក់ស្រេះធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង