Yearendyearend1140x150

ជប៉ុន ផ្តល់ជំនួយអភិវឌ្ឍន៍ជាង ៥៥លានដុល្លារ មកកម្ពុជាសម្រាប់អនុវត្តគម្រោង០២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៤ឧសភានេះ បានចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ៥៥,២៧ លានដុល្លារ) សម្រាប់អនុវត្តគម្រោងចំនួន០២ រួមមាន គម្រោងកែលម្អផ្លូវជាតិលេខ៥ និងគម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

សម្រាប់ គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤) មានទឹកប្រាក់ចំនួនប្រាំពីរពាន់ពីររយប្រាំលានយ៉េនជប៉ុន (៧.២០៥.០០០.០០០យ៉េន) ឬ ប្រមាណ ៥២,៦ លានដុល្លារ។ រីឯ គម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស មានទឹកប្រាក់ចំនួនបីរយហុកសិបប្រាំមួយលានយ៉េនជប៉ុន (៣៦៦.០០០.០០០លានយ៉េន) ឬប្រមាណ២,៦៧លានដុល្លារ។

ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់កម្ពុជា ទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័, សុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹក, សន្តិសុខនិងការពារជាតិ, ប្រតិបត្តិការរក្សាសន្តិភាព, តភ្ជាប់រវាងប្រជាជននិងប្រជាជន និងការដោះមីន ជាដើម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង