ភ្នំពេញ៖ អ្នកគ្រូ ស៊ីដដាវីស បានចាប់ផ្តើមធ្វើការបង្រៀនសិស្សតាំងពីឆ្នាំ២០០៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានជួបសិស្សជាច្រើនជួបប្រទះបញ្ហាផ្សេងៗគ្នា សូមការលើកទឹកចិត្តពីអ្នកគ្រូ ធ្វើឱ្យអ្នកគ្រូបង្កើតវីដេអូអប់រំបន្តបន្ទាប់ដើម្បីជាការជំរុញទឹកចិត្តយុវជន។
បើតាមអ្នកគ្រូ ស៊ីដដាវីសបានឱ្យដឹងថា នៅពេលអ្នកគ្រូបង្រៀនសិស្ស តែងតែមានសិស្សដែលមានបញ្ហាផ្លូវចិត្ត ឬ បញ្ហាផ្សេងៗមកនិយាយរ៉ាយរ៉ាប់ប្រាប់អ្នកគ្រូ និងសូមជាការផ្តល់យោបល់ប្រឹក្សាពីការដោះស្រាយបញ្ហាទាំងនោះជានិច្ច។ កត្តានេះ ជាហេតុអ្នកគ្រូបានព្យាយាមក្នុងការរិះរកវិធីណាមួយដើម្បីអាចជួយយុវជនបានច្រើនជាងមុន។
អ្នកគ្រូបានរៀបរាប់បន្តទៀតថា អ្នកគ្រូធ្លាប់បានព្យាយាមចំណាយពេលវេលាជាមួយសិស្សច្រើនដង តែដោយសារតែភាពរវល់ និងមានកាតព្វកិច្ចផ្សេងទៀតធ្វើឱ្យអ្នកគ្រូស្វែងរកវិធីណាមួយដែលចំណាយពេលវេលាតិច តែបានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យសិស្សនៅតែបន្តបានការលើកទឹកចិត្តពីអ្នកគ្រូ។
អ្នកគ្រូ គីម ស៊ីដដាវីស បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកគ្រូធ្លាប់បានសាកល្បងជាមួយនឹងវិធីសាស្រ្តផ្សេងៗជាច្រើនដើម្បីជួយប្រឹក្សាជាមួយនឹងសិស្សរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហារបស់ពួកគេ ក៏ប៉ុន្តែវិធីទាំងនោះបានដំណើរការត្រឹមរយៈពេលខ្លី។ វិធីសាស្ត្រចុងក្រោយដែលអ្នកគ្រូបានឃើញពីប្រសិទ្ធភាពនៅក្នុងការលើកទឹកចិត្តយុវជនបានច្រើន និងចំណាយពេលវេលាតិចនោះ គឺអ្នកគ្រូបង្កើតវីដេអូ និងបង្ហោះជាសាធារណៈដើម្បីឱ្យយុវជនផ្សេងទៀតដែលមិនមែនជាសិស្សអ្នកគ្រូក្តីក៏បានទទួលការលើកទឹកចិត្ត។
អ្នកគ្រូបានរៀបរាប់បន្តទៀតថា បើតាមការសង្កេតមើលពីយុវជនបច្ចុប្បន្នក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកគ្រូសង្កេតឃើញថាមានការអភិវឌ្ឍច្រើនជាងមុន ដោយសារតែយុវជនភាគច្រើនមានការផ្តល់តម្លៃដល់ការអប់រំខ្ពស់ជាងមុនមិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ។ លើសពីនេះទៅទៀត យុវជនភាគច្រើនផ្តល់តម្លៃដល់ការចូលរួមជាមួយនឹងសកម្មភាពសង្គមជាច្រើនតាមរយៈការងារស្ម័គ្រចិត្ត។
ថ្វីត្បិតតែសិស្សភាគច្រើនឱ្យតម្លៃការអប់រំ និងការងារស្ម័គ្រចិត្តក៏ពិតមែន អ្នកគ្រូសង្កេតឃើញថា សិស្សភាគច្រើនត្រូវការអភិវឌ្ឍជំនាញទន់បន្ថែមទៀតដូចជាការគ្រប់គ្រងពេលវេលា និងការគ្រប់គ្រងភាពតានតឹងជាដើម៕