Yearendyearend1140x150

ករណីស្ដ្រីជនជាតិចិនដើរចាប់ក្មេងជាព័ត៌មានមិនពិត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សាយព័ត៌មានពាក់ព័ន្ធករណីស្ដ្រីជនជាតិម្នាក់ដើរចាប់ក្មេង។ បន្ទាប់ពីបានឃើញព័ត៌មាននៅតាមបណ្តាញសង្គមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នាំខ្លួនស្ត្រីជាជនជាតិចិន ដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បន្ទាប់ពីបានធ្វើការសាកសួរ បានរកឃើញថាករណីនេះមិនមែនជាករណីដើរចាប់ក្មេងនោះទេ ប៉ុន្ដែស្ដ្រីជនជាតិចិនរូបនេះមានបញ្ហាផ្នែកខួរក្បាល។

បើតាមប្រសាសន៍លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មានទំព័រហ្វេសប៊ុកមួយចំនួន បានផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធស្ដ្រីជនជាតិចិនដើរចាប់ក្មេង បានស្រាវជ្រាវចប់សព្វគ្រប់ហើយ។ ក្រោយធ្វើការសួរនាំស្ត្រីជនជាតិចិន បានបញ្ជាក់ថាបានវង្វេងបាត់កូនប្រុស នៅផ្សារធំថ្មី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដែលធ្វើឲ្យនាងវង្វេង និងគិតថាក្មេងដែលនាងបានឃើញជាកូនរបស់ខ្លួន។

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ មន្ត្រីជំនាញបានធ្វើការខលទាក់ទងទៅម្តាយនៅប្រទេសចិន ដើម្បីសុំការបំភ្លឺ ស្ត្រីជាម្តាយបានបញ្ជាក់ថា ស្ត្រីម្នាក់ និងក្មេងប្រុសនេះ ពិតកូនស្រី និងចៅប្រុសរបស់គាត់ ហើយគាត់បានបញ្ជាក់បន្ថែមថា កូនស្រីរបស់គាត់ពិតជាមានបញ្ហាខួរក្បាលជាច្រើនឆ្នាំមកហើយ ( ជំងឺសរសៃប្រសាទ ) មានការភ្លេចភ្លាំង និងវង្វេង ជាញឹកញាប់ ព្រមទាំងមានសំបុត្របញ្ជាក់របស់គ្រូពេទ្យនៅប្រទេសចិនថែមទៀតផង។

ក្រោយពីធ្វើការសាកសួរចប់សមត្ថកិច្ចជំនាញ បានទាក់ទងរាយការណ៍ទៅកាន់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធ អនុវត្តនីតិវិធីបន្ត បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការពីថ្នាក់ដឹកនាំ ដើម្បីបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា កូនប្រុសរបស់ស្ត្រីជនជាតិចិន បានវង្វេងបាត់ នៅផ្សារធំថ្មី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។ ប្រធានផ្សារធំថ្មី បានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា ៣ឆ្នាំ វង្វេងនៅផ្សារថ្មី រកឪពុកម្តាយមិនឃើញ ទើបសមត្ថកិច្ចបានទាក់ទងទៅអង្គការមិត្តសំឡាញ់ ដើម្បីទទួលយកកូននោះទៅធ្វើការថែទាំ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង