Yearendyearend1140x150

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតពីរកន្លែង ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនពីរ ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទាំង២ស្ថានីយនៅថ្ងៃទី២២ ឧសភា នេះ។

សំណង់ដ៏ថ្មីសន្លាង និងហេដ្ឋារចនាសម្ព័ន្ធនៃរោងចក្រប្រព្រឹត្តទឹកស្អាតទាំង២កន្លែង ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ គឺ ជាសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យទឹកស្អាត ដែលកើតមានឡើងក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ជាពិសេសសខេត្តសៀមរាប ខណៈដែលខេត្ដនេះ មិនដែលមានរោងចក្រផលិតទឹកស្អាតខ្នាតធំ អាចផលិតបានដល់៦ម៉ឺនម៉ែត្រគូប/ក្នុងមួយថ្ងៃដូចនេះឡើយ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍខេត្ត ហើយបើសិនជាទីក្រុង និង ទីប្រជុំជនគ្មានទឹកស្អាតប្រើប្រាស់ទេនោះ វាពិតជាមានការពិបាកសម្រាប់ការអភិវឌ្ឍន៍ណាស់ ដូច្នេះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះ ពិតជាបានដោះស្រាយបញ្ហាច្រើនណាស់ សម្រាប់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្រាប់កិច្ចការសង្គម និងធុរកិច្ចគ្រប់បែបយ៉ាង ឆ្លើយតបចំទិសដៅ ដែលរាជរដ្ឋាភិបាល និងប្រជាជនចង់បាន ។

រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីនេះ អាចផ្ដល់ការផ្គត់ផ្គង់ទឹកស្អាតដល់តំបន់ដែលនៅឆ្ងាយពីក្រុងសៀមរាប ដែលនៅទីនោះមិនដែលស្គាល់ទឹកស្អាតនោះទេ ដែលជាក់ស្តែង ដូចនៅ «តំបន់អភិវឌ្ឍន៍ រុនតាឯក» ស្ថិតក្នុងស្រុកបន្ទាយស្រី និង «តំបន់អភិវឌ្ឍន៍ ពាក់ស្នែង» ក្នុងស្រុកអង្គរធំ គឺក្រៅពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវថ្នល់ សាលារៀន វត្តអារាម ផ្សារ មណ្ឌលសុខភាព ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទូរស័ព្ទជាដើម រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់ថវិកាចំនួន ៩លានដុល្លារ សម្រាប់ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ទាំង២នេះ។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមឆ្នាំ ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០ លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង