
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត នាថ្ងៃទី ២០ ឧសភានេះ បានជួបក្មេងប្រុសលក់ផ្កា និងប្អូនស្រី ជួយក្មេងប្រុស លក់ផ្កា និងប្អូនស្រីឱ្យបានសិក្សារៀនសូត្រនៅសាលាដែលចង់រៀន និងជួយដល់ឳពុកម្ដាយបង្កើតរបរ ដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ និងបានយកជំនួយខ្លះទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ»។

លោកបន្ថែមថា «លោកកោតសរសើរប្អូនប្រុស ប្អូនស្រីដែលជាឪពុកម្តាយរបស់ក្មួយៗ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។ លោកក៏សូមកោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ (ឥឡូវក្មួយមានអាយុ ១៣ឆ្នាំ)»។
ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់គាត់ លោកក៏បានសម្រេច៖
១) ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ
២) ជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រីរបស់គាត់ អោយបានចូលរៀននៅសាលាដែលពួកគាត់ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីក្មួយៗអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត៕