Yearendyearend1140x150

សារព័ត៌មានល្បីៗលើពិភពលោកចុះផ្សាយពីកីឡាការនី ប៊ូ សំណាង តស៊ូមិនបោះបង់ការប្រកួត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សារព័ត៌មានល្បីៗនៅលើពិភពលោកជាច្រើន បានចាប់អារម្មណ៍ចុះផ្សាយពីកីឡាការនីកម្ពុជា ប៊ូ សំណាង ដែលខិតខំតស៊ូអំណត់ក្នុងអំឡុងពេលកីឡាការនីរូបនេះ ចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥ ០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលពេលនោះស្ថិតក្រោមដំណក់ទឹកភ្លៀង តែកីឡាការនី ប៊ូ សំណាង បានតស៊ូព្យាយាម ពុះពាររត់ដល់ទី ដោយមិនបោះបង់ការប្រកួតឡើយ។

កីឡាការិនី ប៊ូ សំណាង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ដោយក្នុងនោះសារព័ត៌មានល្បីៗនៅលើពិភពលោកមានដូចជា CNN CNA DW News TIME The Guardian South China Morning Post The Olympic Games និងសារព័ត៌មានអន្តរជាតិផ្សេងទៀត បានចុះផ្សាយនិងសរសើរពីស្មារតីតស៊ូព្យាយាមរបស់កីឡាការិនីកម្ពុជារូបនេះ។

ក្នុងនោះ CNN ដែលជាសារព័ត៌មានល្បីរបស់អាម៉េរិក បានចុះផ្សាយដោយចាប់ចំណងជើងថា កីឡាការនីរត់ប្រណាំងកម្ពុជា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ទោះបីជាមិនបានជ័យលាភី។ សារព័ត៌មាន TIME បានចាប់ចំណងជើងថាកីឡាកររត់ប្រណាំងកម្ពុជា ប៊ូ សំណាង បានបញ្ចប់ការប្រណាំងក្រោមដំណក់ទឹកភ្លៀងនៅស៊ីហ្គេម ដែលក្លាយជាការបំផុសគំនិតពិភពលោក។

សារព័ត៌មានល្បីរបស់អង់គ្លេស The Guardian បានចុះផ្សាយដោយចាប់ចំណងជើងថា កីឡាការិនីកម្ពុជាបដិសេដក្នុងបោះបង់ការរត់ប្រណាំង ទោះបីជាស្ថិតក្រោមព្យុះភ្លៀង។ សារព័ត៌មានល្បីរបស់សិង្ហបុរី CNA បានចុះផ្សាយដោយបានស្រង់នូវពាក្យសម្តីរបស់កីឡាការិនី ប៊ូ សំណាង៖«ខ្ញុំមានសិទ្ធបញ្ឈប់ការរត់ប្រណាំង ប៉ុន្តែដំបូងខ្ញុំត្រូវមានភារកិច្ចដើម្បីតំណាងឲ្យកម្ពុជា ដូច្នេះខ្ញុំមិនអាចបោះបង់បានទេ»។

គួរបញ្ជាក់ថា កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កីឡាកររូបនេះសម្រាប់ការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈដែលដឹងថាខ្លួនមិនទទួលបានមេដាយក៏ដោយ ក៏កីឡាការនី ប៊ូ សំណាង នៅតែតស៊ូរត់ដល់ទីបញ្ចប់ដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង