វៀតណាម៖ ក្រសួងព័ត៌មានវៀតណាមនាថ្ងៃពុធនេះបានឲ្យដឹងថា លេខទូរស័ព្ទប្រហែល ៩៨៥,០០០ ត្រូវបានបិទបន្ទាប់ពីអ្នកប្រើប្រាស់បរាជ័យក្នុងការផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេស្របតាមមូលដ្ឋានទិន្នន័យជាតិវៀតណាម។
លោក Nguyen Phong Nha អនុប្រធានអាជ្ញាធរទូរគមនាគមន៍វៀតណាម ក្រោមក្រសួងព័ត៌មាន និងទំនាក់ទំនង បាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍បានបិទលេខចំនួន ៩៨៥,០០០ ក្នុងចំណោម ១.១៥ លាន ដែលត្រូវបានបិតសម្រាប់ការហៅចូល និងចេញ។ លោក Nha បាននិយាយថា លេខទូរស័ព្ទទាំងនេះមិនបានធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់ពួកគេឱ្យត្រូវគ្នាជាមួយនឹងមូលដ្ឋានទិន្នន័យជាតិនោះទេ។
ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍បានឲ្យដឹងថាប្រសិនបើព័ត៌មានផ្ទាល់ខ្លួនដែលបានចុះឈ្មោះមិនត្រូវបានធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់បន្ទាប់ពីរយៈពេល ១៥ ថ្ងៃ នោះលេខទាំងនោះមិនអាចធ្វើការហៅចេញ ឬផ្ញើសារបានទៀតទេ។ ដោយមិនមានការអាប់ដេតសម្រាប់រយៈពេល ១៥ ថ្ងៃទៀតបន្ទាប់ពីនោះ ការហៅចូល និងសារត្រូវបានបិតជាផ្លូវការ។
នៅចុងឆ្នាំ ២០២២ វៀតណាមមានលេខទូរស័ព្ទប្រហែល ១២៧ លានលេខ ដែលភាគច្រើនស្ថិតនៅក្រោមក្រុមហ៊ុន Viettel, MobiFone និង VinaPhone ។ គិតត្រឹមពាក់កណ្តាលខែមីនាឆ្នាំនេះ ក្រុមហ៊ុនបាននិយាយថា លេខទូរស័ព្ទចំនួន ៣.៨៤ លានមិនទាន់បានផ្ទៀងផ្ទាត់ព័ត៌មានរបស់ពួកគេនៅឡើយទេ។ ដំណើរការផ្ទៀងផ្ទាត់លេខទូរស័ព្ទគឺជាជំហានមួយក្នុងចំណោមជំហានជាច្រើនដែលត្រូវបានគូសវាសនៅក្នុងគម្រោងរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យជាតិ និងការធ្វើឌីជីថល។ ក្នុងចំណោមគោលដៅជាច្រើន គម្រោងនេះមានគោលបំណងលើកកម្ពស់ស្ថិរភាពសង្គម និងទប់ស្កាត់ការប្រើប្រាស់ស៊ីមកាតមិនសមរម្យ៕