Cctimesw1140xh150cm copy

RULErs និង NGO-CEDAW រៀបចំកម្មវិធីជជែកដេញដោលពីស្រ្តី និងការងារថែទាំមិនបានប្រាក់កម្រៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមការងារយុវជន RULErs និង អង្គការ NGO-CEDAW កាលពីថ្ងៃទី ១៤ ឧសភា ឆ្នាំ២០២៣ បានធ្វើការរៀបចំកម្មវិធីជជែកដេញដោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសណ្ឋាគារ Paulo Wai ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការងារថែទាំមិនបានប្រាក់កម្រៃ និងស្រ្តី ឬក្មេងស្រី។

បើតាមក្រុមការងារ RULErs បានឱ្យដឹងថា ឆ្នាំ២០២៣ ជាឆ្នាំទី៣ ដែល RULErs និង NGO-CEDAW បានសហការគ្នាក្នុងការរៀបចំកម្មវិធីជជែកដេញដោលសម្រាប់យុវជនពាក់ព័ន្ធនឹងបទដ្ឋានយេនឌ័រ និងសង្គម សម្រាប់យុវជន។ ការរៀបចំកម្មវិធីនេះ គឺមិនមែនដើម្បីស្វែងរកអ្នកឈ្នះ ឬ អ្នកចាញ់អ្វីនោះឡើយ តែជាការផ្តល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពអំពីការយល់ដឹងរបស់ខ្លួនចំពោះបញ្ហាទាំងនោះ។

កញ្ញា ចិន ធារី ដែលជាតំណាងនៃក្រុមការងារ RULErs បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅឆ្នាំ២០២៣ ការរៀបចំកម្មវិធីនេះមានការចូលរួមដាក់ពាក្យដោយយុវជនប្រមាណជិត ៨០ នាក់ ដែលបានជ្រើសរើសយុវជនត្រឹមតែ ១៦ នាក់ ដោយឆ្លងកាត់វគ្គសម្ភាស ដើម្បីធ្វើការបង្វឹកអំពីរបៀបក្នុងការជជែកដេញដោល និងចែករំលែកពីចំណេះដឹងពាក់ព័ន្ធនឹងប្រធានបទដោយមានការចូលរួមពីគ្រូបង្វឹកចំនួន បីរូប គឺ អ្នកស្រី ជឹម ចាន់នាង លោក ម៉ា វិន និងកញ្ញា បុណ្យ រចនា។

កញ្ញា ចិន ធារី បានបន្តទៀតថា មុននឹងឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមការងារបានធ្វើការរៀបចំជាការជជែកដេញដោលសាកល្បងសម្រាប់យុវជនត្រៀមខ្លួនមកកាន់វគ្គផ្តាច់ព្រ័ត្រផងដែរ។ កាលពីថ្ងៃទី ១៤ ឧសភា កន្លងផុតទៅនេះ ក្រុមការងារ RULErs និង NGO-CEDAW បានរៀបចំការជជែកដេញដោលនៅសណ្ឋាគារ Paulo Wai ដែលមានការចូលរួមប្រកួត ៤ ក្រុម គឺ ក្រុម សារពេជ្ញ , Cactus, Mycelium, និងក្រុមស្លាបប៉ាកកា។

កញ្ញា ធារី បានថ្លែងប្រាប់បន្តទៀតថា ក្រុម សារពេជ្ញ និងក្រុម Cactus បានធ្វើការជជែកដេញដោលពីប្រធានបទដែលបានលើកឡើងថា ការងារថែទាំមិនមានប្រាក់កម្រៃជាកាតាលីករដែលធ្វើឱ្យស្រ្តីបាត់បង់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន។ ចំណែកឯក្រុមស្លាបប៉ាកកា និងក្រុម Mycelium បានជជែកដេញដោលក្រោមប្រធានបទ ការផ្តល់តម្លៃដល់ការងារថែទាំមិនមានប្រាក់កម្រៃមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចជាតិ។

កញ្ញា ធារី បាននិយាយបន្តទៀតថា ក្រុមទាំង ៤ ពិតជាបានបង្ហាញនូវគោលជំហររបស់ខ្លួនបានល្អគ្រប់ៗក្រុម តែដោយសារតែវគ្គនេះជាវគ្គជម្រុះ ដូចនេះ តាមរយៈការវាយតម្លៃរបស់គណៈកម្មការ ក្នុងចំណោមក្រុមទាំង ៤ មានតែក្រុម សារពេជ្ញ និងក្រុម Cactus តែប៉ុណ្ណោះដែលអាចឈានទៅរកវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ RULErs ជាក្រុមយុវជនដែលធ្វើការបង្កើតគម្រោងផ្សេងៗដើម្បិធ្វើការលើកកម្ពស់យុវជនតាមរយៈសកម្មភាពផ្សេងដូចជាការរៀបចំសិក្ខាសាលា ការចែករំលែកចំណេះដឹងតាមមាតិកា ការជជែកដេញដោល និងកម្មវិធី Podcast៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង