
រតនគិរី៖ ក្រោយពីទទួលបានព័ត៌មានពីការលួចលក់ដូរសាច់សត្វព្រៃនៅក្នុងផ្សារបានលុង ខេត្តរតនគិរី មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរីដោយរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃខុសច្បាប់ដោយបានរឹបអូសសាច់សត្វព្រៃនិងសំណាកសត្វព្រៃសរុបចំនួន ១៧ គីឡូក្រាម។ នេះបើតាមប្រសាសន៍លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ ខេត្តកោះកុង នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា សំណាកសត្វព្រៃទាំង ១៧ គីឡូក្រាមដែលមន្ត្រីជំនាញអនុវត្តច្បាប់រឹបអូសបានរួមមាន សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម សត្វត្រកួតងាប់ចំនួន ៣ ក្បាលស្មើនឹង ៥,៥ គីឡូក្រាម និង សាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់៕



