ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ឧសភានេះ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។
បើតាមសេចក្តីសម្រេចរបស់ គ.ជ.ប បានបញ្ជាក់ថាថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។
យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារចំនួន១០មុខ ស្របតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប។
គណបក្សដែលបំពេញគ្រប់លក្ខខណ្ឌតាមពេលកំណត់ គ.ជ.ប ចុះបញ្ជីជាផ្លូវការ ហើយបើគណបក្សណាដែលមិនបំពេញគ្រប់លក្ខខណ្ឌ គ.ជ.ប សម្រេចមិនចុះបញ្ជីគណបក្សនោះទេ។ ក្នុងន័យនេះ គ.ជ.ប បានពិនិត្យឃើញថា គណបក្សចំនួន១៥បានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់ ហើយ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីគណបក្សទាំង១៥នេះ។
![](https://cdn.cc-times.com/kh.cc-times.com/media/31899/large/%E1%9E%87%E1%9F%A1%E1%9F%A1.jpg?1684140144)
![](https://cdn.cc-times.com/kh.cc-times.com/media/31900/large/%E1%9E%87%E1%9F%A2%E1%9F%A2.jpg?1684140152)
![](https://cdn.cc-times.com/kh.cc-times.com/media/31901/large/%E1%9E%87%E1%9F%A3%E1%9F%A3.jpg?1684140159)