ភ្នំពេញ៖ យុវជន ស៊ាង ធានសិង្ហ បានចូលជាយុវជនស្ម័គ្រចិត្តក្នុងតួនាទីជា អ្នកសម្របសម្រួលទីលាន នៅក្នុងស៊ីហ្គេម បានបង្ហាញចំណាប់អារម្មណ៍ថាបានអភិវឌ្ឍន៍ជំនាញក្នុងការនិយាយជាភាសាអង់គ្លេស បង្កើនភាពក្លាហានក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗជាច្រើន។
យុវជន ស៊ាង ធានសិង្ហ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកបានចូលរួមក្នុងការធ្វើជាយុវជនស្ម័គ្រចិត្តជាច្រើនដង ស្របពេលជាមួយនឹងសិក្សានៅសាកលវិទ្យាល័យពីរ គឺ សាកលវិទ្យាល័យអន្តរជាតិ និង IFL ។ ក៏ប៉ុន្តែការចូលរួមស្ម័គ្រចិត្តលើកនេះ គឺពិតជាមានលក្ខណៈខុសពីរាល់ដង និងពិសេស ព្រោះតែជាកម្មវិធីដែលធំបំផុតសម្រាប់យុវជនរូបនេះ។
លោក ធានសិង្ហ បង្ហាញអារម្មណ៍រំភើបដោយសារតែត្រឹមរយៈពេលដ៏ខ្លី លោកបានស្គាល់មនុស្សរាប់រយ និងរាប់ពាន់នាក់ក្នុងកំឡុងពេលបំពេញតួនាទីរបស់ខ្លួនជាយុវជនស្ម័គ្រចិត្តនៅស៊ីហ្គេមនេះ។ តាមរយៈការស្គាល់មនុស្សថ្មីៗ ធ្វើឱ្យនិស្សិតមួយរូបនេះទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ជាពិសេសគឺមានឱកាសក្នុងការនិយាយសន្ទនាជាភាសាអង់គ្លេស ដែលពង្រឹងសមត្ថភាពក្នុងការនិយាយអង់គ្លេសឱ្យបានកាន់តែប្រសើរជាងមុន។
យុវជនស្ម័គ្រចិត្តរូបនេះ បានបន្តទៀតថា ការចូលរូមស្ម័គ្រចិត្តមួយនេះ គឺលើសពីការស្ម័គ្រចិត្តពីព្រោះ ត្រូវផ្សារភ្ជាប់ជាមួយនឹងការប្រកាន់ខ្ជាប់នូវការផ្សព្វផ្សាយនូវវប្បធម៌ អរិយធម៌របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ដើម្បីឱ្យប្រទេសដទៃទៀតបានស្គាល់កម្ពុជាតាមរយៈការរៀបចំកម្មវិធីដ៏មហាសាលនេះ។
ធានសិង្ហ បានសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីស៊ីហ្គេមនេះមានភាពអស្ចារ្យលើសពីការរំពឹងទុក ព្រោះវាពិតជាបានផ្សព្វផ្សាយនូវប្រទេសយើងទៅកាន់ឆាកអន្តរជាតិដើម្បីឱ្យគេបានដឹង និងស្គាល់ពីសក្តានុពលនៃប្រទេសកម្ពុជា។
ជាចុងក្រោយ យុវជន ធានសិង្ហមានសំណូមពរទៅកាន់ប្រជាពលរដ្ឋខ្មែរសូមបង្ហាញនូវស្នាមញញឹម ភាពទន់ភ្លន់ រួសរាយរាក់ទាក់ និងសណ្តាប់ធ្នាប់នៅពេលដែលចួមរួមកម្មវិធីដើម្បីជាការលើកមុខមាត់កម្ពុជាបន្តទៀតផងដែរ៕