Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រាសាទនាគព័ន្ធ គោលដៅសម្រាប់ភ្ញៀវទេសចរចូលទស្សនាកម្សាន្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។ ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អរ ជាពិសេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ។

ប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាត គ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងកាប់ឆ្ការព្រៃឬមែកឈើ ដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មី។

លោក ង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធ ប៉ុណ្ណោះទេ។ ថ្មីៗនេះ ក្រុមការងារបានរៀបចំ ឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូ មានរបៀបរៀបរយ ធ្វើឱ្យភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទនាគព័ន្ធតែងបង្ហាញស្នាមញញឹមមិនចេះដាច់។

លោក ង៉ោ ពេជ្រ បានបន្តថា នៅប្រាសាទនាគព័ន្ធមានប្លង់ សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលមកថតរូបអនុស្សាវរីយ៍ មានដូចជា នៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម។

គួរបញ្ញាក់ថា ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវបានសាងសង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង