ភ្នំពេញ៖ កញ្ញា ឌី បូសូលីដា ជានិស្សិតដែលទើបបញ្ចប់ការសិក្សា និងកំពុងបម្រើការជាមន្រ្តីនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមស្ម័គ្រចិត្តនៅស៊ីហ្គេម មិនថាមានកាលវិភាគរវល់ជាមួយនឹងការងារយ៉ាងណាក៏ដោយ ព្រោះតែកម្លាំងចិត្តក្នុងការលើកស្ទួយមុខមាត់កម្ពុជា។
កញ្ញា ឌី បូសូលីដា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ AUPP ក្រោមមុខជំនាញបរិញ្ញាបត្រនីតិសាស្រ្ត ហើយបច្ចុប្បន្នក៏ជាមន្រ្តីនៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។ នៅក្នុងស៊ីហ្គេម កញ្ញាមានតួនាទីជាអ្នកសម្របសម្រួលគណៈកម្មការពិធីការ។
បើតាមកញ្ញា សូលីដា បានឱ្យដឹងថា កញ្ញាធ្លាប់បានចូលរួមកម្មវិធីស្ម័គ្រចិត្តជាច្រើនកាលនៅជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ដែលជាហេតុធ្វើឱ្យកញ្ញានៅតែបន្តបេសកកម្មក្នុងការធ្វើការងារស្ម័គ្រចិត្តនៅក្នុងកម្មវិធីស៊ីហ្គេមលើកទី៣២នេះ។
ថ្វីត្បិតតែកញ្ញាមានបទពិសោធន៍ច្រើនជាមួយនឹងការងារស្ម័គ្រចិត្តកន្លងមកក៏ដោយ ការងារស្ម័គ្រចិត្តលើកនេះគឺពិតជាខុសពីលើកមុនៗ គឺកញ្ញាពិតជាមានអារម្មណ៍រំភើបដែលបានចូលរួមក្នុងការងារស្ម័គ្រចិត្តមួយនេះ ដោយសារតែអាចចូលរួមចំណែកជាមួយនឹងព្រឹត្តិការណ៍ជាតិ ដែលមានលក្ខណៈថ្មីច្រើន ស្របតាមស្តង់ដាអន្តរជាតិ និងមានឱកាសក្នុងការបង្ហាញអ្វីដែលជាស្នាដៃកូនខ្មែរ ប្រជាពលរដ្ឋខ្មែរទៅកាន់អន្តរជាតិ។
កញ្ញា សូលីដា បានបន្តទៀត ការរៀបចំកម្មវិធីលើកនេះគឺកាន់តែពិសេស ពីព្រោះក្រុមការងារទាំងមូលត្រូវគិតគូពីសុខទុក្ខរបស់កីឡាករ កីឡាការនីទាំងក្នុងស្រុក និងក្រៅស្រុក បូករួមជាមួយនឹងអ្នកចូលរួមយ៉ាងចម្បងផងដែរ។ អាស្រ័យហេតុនេះហើយ យុវជនស្ម័គ្រចិត្តគ្រប់រូបតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ឱ្យបានល្អិតល្អន់ ព្រោះយុវជនគ្រប់រូបប្រៀបដូចជាតំណាងឱ្យជាតិទៅកាន់ពិភពលោកទាំងមូល។
កញ្ញា សូលីដា បានរៀបរាប់បន្តទៀតថា កញ្ញានឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ដើម្បីបន្សល់ជាបទពិសោធន៍មួយដ៏ល្អជាមួយនឹងអ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ មិនថាកីឡាករ កីឡាការនី អ្នកចូលរួមក្នុងស្រុក និងអន្តរជាតិ។
ជាចុងក្រោយ កញ្ញាសង្ឃឹមថាប្រជាពលរដ្ឋខ្មែរនឹងចូលរួមក្នុងការលើកមុខមាត់កម្ពុជាតាមរយៈការប្រើប្រាស់បណ្តាញសង្គមក្នុងការចែករំលែកពីកម្ពុជា គឺរូបភាពនៃព្រឹត្តិការណ៍ស៊ីហ្គេម និងប្រពៃណីទំនៀមទម្លាប់ផ្សេងៗដែលបន្សល់ទុកដោយដូនតា ដើម្បីឱ្យអន្តរជាតិស្គាល់យើងកាន់តែច្បាស់ជាងមុន៕