
ភ្នំពេញ៖ កីឡាអុកចត្រង្គ ត្រូវបានសមាគមកីឡាអាស៊ីអាគ្នេយ៍ បញ្ចូលទៅក្នុងធម្មនុញ្ញ ដោយមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ ពេលដែលស៊ីហ្គេមបានបំពេញ។ នេះបើតាមប្រសាសន៍សម្ដេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ថ្លែងក្នុងពិធីបំពាក់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភី កីឡាអុកចត្រង្គ នាល្ងាចថ្ងៃទី០៩ ឧសភា នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាបានបញ្ចូលប្រភេទកីឡាអុកចត្រង្គ និងរៀបចំការប្រកួតកីឡាបានយ៉ាងរលូន។ នេះសុទ្ធសឹងជារឿងមួយដែលកម្ពុជាមានបំណងប្រាថ្នាដ៏ធំធេងណាស់ ដើម្បីធ្វើឱ្យវិស័យកីឡាអុកចត្រង្គមានការរីកចម្រើន ដោយសារតែជាលើកដំបូងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំការប្រកួតអុកចត្រង្គនេះ។
សម្ដេច ទៀ បាញ់ បាបញ្ជាក់ថា ចាប់ពីពេលនេះទៅសមាគមកីឡាអាស៊ីអាគ្នេយ៍ បានបញ្ចូលកីឡាអុកចត្រង្គនេះទៅក្នុងធម្មនុញ្ញទៅហើយ ដោយមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ ពេលដែលស៊ីហ្គេមបានបំពេញ ឬធ្វើការងារនេះ។ ដូច្នេះកិច្ចការនេះគឺជាមោទកភាពមួយដែលកម្ពុជាបានបញ្ចូលកីឡាអុកចត្រង្គនេះ ក្នុងតំបន់រួចជាស្រេចហើយនៅពេលនេះ៕