Yearendyearend1140x150

សម្តេចតេជោ ប្រកាសមិនគាំទ្រការនាំចូលជ្រូកពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាមិនឱ្យមានការនាំចូលជ្រូកពីប្រទេសថៃឡើយ ព្រោះការនាំចូលនេះហាក់ដូចជាសម្លាប់កសិករចិញ្ចឹមគ្រូកក្នុងស្រុក។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចពុំគាំទ្រឱ្យមានការនាំចូលជ្រូកពីប្រទែសថៃឡើយ ហើយសកម្មភាពនៃការនាំចូលពីប្រទេសដទៃ គឺបានសម្លាប់អ្នកចិញ្ចឹមសត្វក្នុងស្រុករបស់កម្ពុជា។

សម្តេចបន្ថែមទៀតថា ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការសាច់ជិត២៩ម៉ឺនតោន ប៉ុន្តែទើបតែផ្គត់ផ្គង់ខ្លួនឯងបានតែ២៣.៩ម៉ឺនតោន(ស្មើនឹង៨២%) តែប៉ុណ្ណោះ ដូច្នេះកម្ពុជាត្រូវជំរុញការចិញ្ចឹមសត្វក្នុងស្រុកជាបន្តទៀត។

បច្ចុប្បន្ន កម្ពុជាខ្វះការផ្គត់ផ្គង់សាច់ចំនួន១៨% បើកសិករកក្នុងស្រុកចិញ្ចឹមឱ្យគ្រប់គឺប្រទេសកម្ពុជាមិនបាច់នាំចូលពីគេទេ ព្រោះទីផ្សារផ្គត់ផ្គង់ក្នុងស្រុកគឺមានគ្រប់ហើយ។ នៅក្នុងឱកាសនេះ កម្ពុជាអាចចិញ្ចឹមផ្គត់ផ្គង់ខ្លួនឯងឱ្យបានគ្រប់ ហើយបើសិនជាមានតម្រូវការនាំចេញបាន នោះកម្ពុជានឹងអាចបំពេញត្រូវការសាច់ឱ្យទីផ្សារនៅក្រៅប្រទេស ព្រោះទីផ្សារក្រៅប្រទេសផ្សេងៗទៀតដូចនៅ ហុងកុង សិង្ហបុរី គឺសុទ្ធតែត្រូវការនាំចូលសាច់។ នេះបើតាមប្រសាសន៍របស់សម្តេច។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ ក៏បានអោយក្រសួង ឬមន្ទីរកសិកម្មបន្តការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងអោយក្រសួងកសិកម្មគិតគូក្នុងការរៀបចំដីបង្កើតជាស្រះសម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ។

ទោះជាយ៉ាងណាលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បាននិយាយថាវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា មានហានិភ័យខ្ពស់បំផុត ចិញ្ចឹមបានហើយភ័យខ្លាចអត់ទីផ្សារ ខ្លាចមានជំងឺ ដូចច្នេះកសិករប្រហែល៧០% ហើយ ដែលខ្ចីលុយធនាគារ ធ្វើឲ្យមានការប៉ះពាល់ដល់ការកម្ចីនិងការសងរបស់ពួកគាត់ដែរ។

សូមបញ្ជាក់ថា អត្រាជ្រូកដែលផ្ដល់ចូលទីផ្សារពី ៥០០០ ទៅ ៦០០០ ក្បាល ទូទាំងប្រទេស ដូច្នេះមានន័យថាប្រទេសកម្ពុជា ជាប្រទេសមានអំណោយផលល្អ ដែលសាច់ជ្រូករស់មានតម្លៃ១៧០០០ ទៅ ១៨០០០រៀលក្នុងគីឡូ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង