ភ្នំពេញ៖ លោក Jimmy Donaldson ត្រូវបានគេស្គាល់ថា MrBeast ដែលជា YouTuber ជនជាតិអាម៉េរិក បានធ្វើគម្រោងសប្បុរសធម៌ដ៏ធំមួយ ដោយបានសហការជាមួយអង្គការមួយដែលមានឈ្មោះថា Exceed Worldwide ដើម្បីជួយជនមានពិការភាពចំនួន ២០០០នាក់ នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើវីដេអូអំពីជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។
លោក Jimmy Donaldson បានធ្វើការបង្ហោះវីដេអូ ដែលបង្ហាញពីរូបភាពដ៏អាក្រក់នៃជនមានពិការភាព ក្នុងប្រទេសកម្ពុជា ដែលខ្វះខាតថវិកា ប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងលទ្ធភាពទទួលបានការអប់រំ និងការងារ នៅ YouTube របស់លោក ដែលមានឈ្មោះថា Beast Philanthropy។
ប្រទេសកម្ពុជាគឺជាប្រទេសដែលទទួលរងនូវវិបត្តិមីន ដែលជាផលិតផលនៃសង្គ្រាម ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់មិនអស់ ដែលក្លាយជាជនពិការ បន្ទាប់ពីជាន់មីនដោយចៃដន្យ។ ប្រជាជនដែលរងផលប៉ះពាល់ កម្រទទួលបានការថែទាំតាមដែលពួកគេត្រូវការ ដើម្បីទទួលបាននូវជីវិតពេញលេញ។
MrBeast បានផ្តល់មូលនិធិផ្នែកអវយវៈសិប្បនិមិត្តសម្រាប់ជនពិការចំនួន ២០០០ នាក់នៅក្នុងប្រទេស។ វីដេអូនេះបានបង្ហាញពីការធ្វើដំណើររបស់ស្រ្តីពីរនាក់ដែលបានទទួលអវយវៈសិប្បនិម្មិត ហើយបានបង្ហាញពីក្តីសង្ឃឹមថាពួកគេនឹងអាចទទួលបានការអប់រំ និងការងារកាន់តែប្រសើរឡើងនៅពេលក្រោយ៕