Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងបរិស្ថានរំពឹងថាតាមរយៈយុទ្ធនាការ«អន្ទាក់សូន្យ»បរិមាណអន្ទាក់នឹងថយចុះនៅក្នុងតំបន់ការពារធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ តាមរយៈយុទ្ធនាការ «អន្ទាក់សូន្យ» ក្រសួងបរិស្ថានរំពឹងថា បរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។

ក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងខេត្តចំនួន ៦ មានភោជនីយដ្ឋាន សរុបចំនួន៥២ បានប្រកាសមិនលក់សាច់សត្វព្រៃ និងដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ មានភោជនីយដ្ឋាន សរុបចំនួន២៦ បានប្រកាសជំហរមិនលក់សាច់សត្វព្រៃផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការដៃគូនៃយុទ្ធនាការ បានបង្កើតជា QR Code សម្រាប់សាធារណជនទូទៅអាចស្កេនចូលទៅបំពេញដើម្បីធ្វើការប្តេជ្ញាចិត្តបញ្ឈប់ការបរិភោគនិងការជួយដូរសត្វព្រៃជាមួយប្រជាជនដទៃទៀត ហើយបន្ទាប់ពីបង្កើតរួចជាង៣ខែមកនេះ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ បានស្កេនចូលទៅបំពេញជាលាយលក្ខណ៍អក្សរដើម្បីបង្ហាញពីការសន្យា និងប្តេជ្ញាចិត្តរបស់ខ្លួនមិនបរិភោគសត្វព្រៃ។

តាមរយៈយុទ្ធនាការនេះដែរ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាននូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់។

គួរបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់៦ខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី បានបិទបញ្ចប់យ៉ាងជោគជ័យ។ ចំណែក យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នឹងតម្រង់ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង