ភ្នំពេញ៖ សិស្សានុសិស្សមួយក្រុមដែលបានតំណាងកម្ពុជាទៅប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី the World Scholar’s Cup 2022 នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានរៀបចំវគ្គបណ្តុះបណ្តាល «WSC Debate Training» ក្រោមការគាំទ្រពី Cambodia Speech and Debate Association (CSDA) នៅសាលប្រជុំនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី ។ ក្រុមយុវជន ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ មកពី វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី។
WSC Debate Training គឺជាវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សដែលចាប់អារម្មណ៍ក្នុងការជជែកដេញដោលមតិជាភាសាអង់គ្លេស ដែលជាជំនាញមួយដ៏សំខាន់នាសតវត្សទី២១នេះ។ វគ្គបណ្តុះបណ្តាលនេះ មានបំណងជួយឲ្យសិស្សាសិស្សខ្មែរបានត្រៀមខ្លួនសម្រាប់ប្រកួតប្រជែងក្នុងកម្មវិធី the World Scholar’s Cup 2023 និងកម្មវិធីផ្សេងៗទៀតឲ្យបានលទ្ធផលល្អពិសេសអាចបន្តប្រកួតប្រជែងនៅលើឆាកអន្តរជាតិផ្សេងៗថែមទៀត។
បើតាមយុវសិស្ស ពេជ្រ សុវណ្ណ ដែលជាអ្នកដឹកនាំក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងដោយមានការណែនាំពីគ្រឹះនិងគន្លឹះសំខាន់ៗនៃការជជែកដេញដោលជាភាសាអង់គ្លេស អមជាមួយល្បែងសិក្សាដើម្បីឲ្យអ្នកចូលរួមមានភាពសប្បាយរីករាយជាមួយនឹងការរៀនជំនាញមួយនេះ។
យុវជនរូបនេះ បានបន្ដថា វគ្គបណ្តុះបណ្តាលនេះក៏បានបន្ថែមការហ្វឹកហាត់ជជែកដេញដោលមតិតាំងពីថ្ងៃកម្មវិធីរហូតដល់ចុងខែមេសា ឆ្នាំ២០២៣នេះទៅលើប្រធានបទជាច្រើនដូចជា សិល្បៈ បរិស្ថាន ច្បាប់ អក្សរសាស្រ្ត តន្ត្រី គោលនយោបាយសាធារណៈ និងប្រធានបទជាច្រើនទៀត។
គួរបញ្ជាក់ថា ការបណ្តុះបណ្តាលនេះទទួលបានអ្នកចុះឈ្មោះចូលរួមរហូតទៅដល់ ៨០ នាក់ដែលមកពីក្រុមអាយុផ្សេងៗគ្នា និងគ្រឹះស្ថានសិក្សាផ្សេងៗគ្នាផងដែរ។ អ្នកចូលរួមត្រូវបានតម្រូវឲ្យបង់ប្រាក់៨០០០រៀល ហើយថវិការទាំងនោះត្រូវបានចំណាយទៅលើភេសជ្ជៈនិងការអភិវឌ្ឍសម្ភារៈឧបទេសសម្រាប់ការរៀននិងបង្រៀនជំនាញជជែកដេញដោលមតិនេះ៕