Yearendyearend1140x150

ភ្ញៀវទេសចរសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើបរិវេណប្រាសាទអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទអង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។

លោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ៧៣ឆ្នាំ ជាបងប្អូនមកបីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការរៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។

លោកយាយទាំងពីរបញ្ជាក់ទៀតថា ពីមុនមិនធ្លាប់មានកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយរបៀបនេះឡើយ។ បច្ចុប្បន្នអាជ្ញាធរបានរៀបចំកៅអីអង្គុយនៅក្រោមម្លប់ឈើផង មានភាពត្រជាក់ ទីតាំងដែលរៀបចំដាក់កៅអីមានបរិយាកាសល្អ អាចមើលឃើញទេសភាពប្រាសាទ ភ្ញៀវទេសចរដើរឆ្លងកាត់ទៅវិញទៅមក ជួយឱ្យអារម្មណ៍ធូរស្បើយពីការនឿយហត់ ទោះបីលោកយាយមិនបានចូលទៅខាងក្នុងប្រាសាទក៏អាចអង្គុយមើលពីចម្ងាយទាំងសប្បាយចិត្ត។

លោក សែម ចន្ធា មកពីខេត្តកណ្តាល បានឱ្យដឹងថា បរិវេណក្នុងនិងក្រៅប្រាសាទអង្គរវត្តបានផ្លាស់ប្តូរជាច្រើន មានដើមឈើតូចធំ ស្មៅបៃតងគ្រប់រដូវកាល មានសណ្តាប់ធ្នាប់ និងអនាម័យ ពិសេសការរៀបចំឱ្យកៅអីអង្គុយនៅក្រោមដើមឈើ។ លោកបានសម្តែងការរំភើប និងថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអង្គុយសម្រាកដើម្បីស្រូបខ្យល់អាកាសដ៏បរិសុទ្ធនៅលើទឹកដីអង្គរ។ 

លោក ចន្ធា ចង់ឱ្យភ្ញៀវទេសចរដែលមកទស្សនានៅតាមប្រាសាទហើយមានភាពហត់នឿយ អាចមកអង្គុយសម្រាកនៅកៅអីក្រោមម្លប់ឈើវិញ ចៀសវាងអង្គុយលើថ្មប្រាសាទ កាត់បន្ថយការកកស្ទះ រួមទាំងចូលរួមថែរក្សាកៅអី និងបរិស្ថាន ដើម្បីកម្ពុជាស្រស់ស្អាតទាំងអស់គ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង