Cctimesw1140xh150cm copy

បោះបង់ការងារប្រាក់ខែខ្ពស់ កញ្ញា ចាន់នី មកធ្វើជាគ្រូបង្រៀនភាសាកូរ៉េ ព្រោះស្រឡាញ់ការចែករំលែក

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កញ្ញា ផូ ចាន់នី ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាឯកជនមួយនៅភ្នំពេញ។ មុនក្លាយខ្លួនជាគ្រូបង្រៀន ចាន់នី ធ្លាប់បានជាប់សម្ភាសចូលបម្រើការងារជាអ្នកបកប្រែភាសាកូរ៉េដែលទទួលបានប្រាក់ខែខ្ពស់ ប៉ុន្តែដោយការស្រឡាញ់ និងចូលចិត្តចែករំលែកទៅកាន់មនុស្សជុំវិញខ្លួននោះ ចាន់នី ក៏សម្រេចចិត្តចូលបម្រើការងារជាគ្រូបង្រៀនភាសាកូរ៉េវិញ។

កញ្ញា ផូ ចាន់នី អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ក្រោយ ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅចុងឆ្នាំ២០២២ ចាន់នី ក៏បានសម្ភាសជាប់ចូលធ្វើការនៅក្រុមហ៊ុនកូរ៉េមួយនៅក្នុងទីក្រុងភ្នំពេញ លើមុខតំណែងជាអ្នកបកប្រែភាសាកូរ៉េ ប៉ុន្តែ ដោយសារតែស្រឡាញ់ និងចូលចិត្តចែករំលែកទៅកាន់មនុស្សជុំវិញខ្លួននោះ ក៏សម្រេចចិត្តបោះបង់ឱកាសមួយនេះ ហើយសម្រេចចិត្តចូលធ្វើការជាគ្រូបង្រៀនភាសាកូរ៉េ វិញ។

កញ្ញា ចាន់នី បានឲ្យដឹងថា ដោយសារតែកើតនៅក្នុងគ្រួសារកសិករមួយហើយពុំសូវមានធនធានផងនោះ ទើបត្រូវធ្វើការបណ្តើររៀនបណ្តើរ។ ដោយសារតែស្រឡាញ់ និងចូលចិត្តពីវប្បធម៌ប្រពៃណីរបស់ជនជាតិជាតិកូរ៉េ ហើយក្រឡេកឃើញថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នក៏មានក្រុមហ៊ុន និងស្ថាប័នឯកជនជាច្រើនដែលត្រូវការអ្នកចេះភាសាកូរ៉េ ប៉ុន្តែចំនួនអ្នកដែលចេះភាសាកូរ៉េច្បាស់លាស់អាចប្រើប្រាស់បានមានតិច ។ គោលបំណងទី២ ចាន់នី ចង់ទៅបន្តការសិក្សានៅប្រទេសកូរ៉េ ដើម្បីស្គាល់ពីរដូវទាំងបួនដែលកញ្ញាចូលចិត្តនោះផងដែរ ទើបសម្រេចចិត្តរៀន បរិញ្ញាបត្រជំនាញ អក្សរសាស្រ្តកូរ៉េ។

សម្រាប់បទពិសោធន៍នៃការរៀនភាសាកូរ៉េរបស់ចាន់នី នោះគឺមានរយៈពេលយូរហើយដែរ ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យមកនៅក្នុងឆ្នាំ២០១៨ ចាន់នី ក៏ត្រូវបន្តរៀនបន្តនៅមហាវិទ្យាល័យ ហើយស្របពេលផងដែរ កញ្ញាក៏ទទួលបាន អាហារូបករណ៍១០០% របស់ក្រសួងអប់រំ ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យមួយក្នុងប្រទេសកម្ពុជា លើជំនាញអក្សរសាស្ត្រកូរ៉េផងដែរ។

កញ្ញា ចាន់នី បានបន្តថា ក្រោយសិក្សាភាសាកូរ៉េបានរយៈពេលបីឆ្នាំ មក ឈានចូលទៅដល់ឆ្នាំទី៣ឆមាសទី២ ហើយសមស្របជាមួយនិងសមត្ថភាព បូកជាមួយនឹងភាពក្លាហាននឹងការតាំងចិត្ត របស់របស់ខ្ញុំផងដែរនោះ កញ្ញាក៏ទទួលបានឱកាសទៅធ្វើការផ្លាស់ការសិក្សានៅក្នុង សាកលវិទ្យាល័យជាតិឈូងប៊ុកនៃសារធារណៈរដ្ឋ កូរ៉េខាងត្បូងលើជំនាញដដែលនេះរយៈពេល១ឆ្នាំផងដែរ។

កញ្ញា ចាន់នី បានលើកឡើងថា ការសិក្សារភាសាកូរ៉េមានផលប្រយោជន៍ជាច្រើន។ មិនត្រឹមតែផ្តល់ឲ្យយើងចេះភាសាកូរ៉េនោះទេ ហើយថែមទាំងបានធ្វើឲ្យយើង យល់ដឹងអំពីសង្គមខាងក្រៅរបស់ប្រទេសកូរ៉េ វប្បធម៌នឹងទំនៀមទំលាប់ប្រពៃណីផងដែរ។ ការចេះភាសាកូរ៉េមិនមែនគ្រាន់តែយកជំនាញនេះទៅប្រើប្រាស់ក្នុងការទំនាក់ទំនងរវាងម្ពុជា-កូរ៉េ និងរកចំណូលប៉ុណ្ណោះទេ ប៉ុន្ដែការចេះភាសាកូរ៉េក៏ជាជំនួយក្នុងការសិក្សាផងដែរ។

ជាចុងក្រោយ ក្នុងនាមកញ្ញា ផូ ចាននី ជាអ្នកចែករំលែកភាសាកូរ៉េមួយរូប កញ្ញាសូមលើកទឹកចិត្តដល់បងប្អូន ដែលកំពុងសិក្សាភាសាកូរ៉េ ឬមានបំណងចង់សិក្សាភាសាកូរ៉េទាំងឲ្យខិតខំប្រឹងរៀនសូត្រ ដើម្បី សម្រេចបំណងដែលខ្លួនប៉ងប្រាថ្នា។ ជាពិសេស បងប្អូនដែលមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េតាមប្រពន្ធអនុញ្ញាត្តមុខរបរ និងការងារទាំងអស់ត្រូវ ខិតខំប្រឹងប្រែង ព្រោះប្រទេសកូរ៉េគឺជាប្រទេសមួយដែលស៊ីវីល័យអាចធ្វើឲ្យកែប្រែជីវភាពរបស់យើងបាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង