
ស្ទឹងត្រែង៖ ភ្លើងគប់ព្រះអគ្គិជ័យកីឡា បន្ទាប់ពីបានដង្ហែទៅកាន់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី-អាគ្នេយ៍ រួចមក ទើបដង្ហែចូលមក ប្រទេសកម្ពុជាវិញ នៅទី២៧មេសានេះ ហើយបន្តបន្ទាប់នៅ ថ្ងៃទី២៩មេសា ភ្លើងគប់ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្ត ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ទើបឆ្ពោះទៅរាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋាន មរតកតេជោ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងពាក់ព័ន្ធចុះទៅពិនិត្យទីតាំងនៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀលនិងនៅវត្តស្រះកែវមុន្នីវណ្ណ ដើម្បីត្រៀមទទួលនិងតម្កល់ភ្លើងគុបព្រះអគ្គិជ័យកីឡាមួយយប់នៅខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្ដ បានលើកឡើងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងក្នុងភាសាបេះដូងតែមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនរបស់ប្រជាជាតិអាស៊ានទាំងមូល។
.jpg?1682589732)
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទទួលព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ពីប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ នៃការដង្ហែព្រះអគ្គិជ័យ សម្រាប់ព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបថា ពិធីប្រគល់ និងទទួល ព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិណងណុកឃៀន ឡាវ និង ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង និងដង្ហែចូលទៅកាន់ ទីរួមខេត្ត ស្ទឹងត្រែងតម្កល់ទុកមួយយប់ថ្ងៃទី២៧ ខែមេសា លុះដល់ព្រឹកថ្ងៃទី២៨ និងបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នាថ្ងៃបន្ទាប់៕
.jpg?1682589744)

