Cctimesw1140xh150cm copy

កញ្ញា ទេវី កែច្នៃសណ្តែកទៅជាភេសជ្ជៈដើម្បីលើកតម្កើងផលិតផលក្នុងស្រុក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា អ៊ុង រង់ផលទេវី ដែលជានិស្សិតមួយរូបកំពុងសិក្សាជំនាញវិស្វកម្មគីមី និង ចំណីអាហារឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានកែច្នៃសណ្តែកចេញជាភេសជ្ជៈក្នុងអាជីវកម្មរបស់ខ្លួនដែលមានឈ្មោះថាអូនសណ្តែក។

កញ្ញា ទេវី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អាជីវកម្មខ្នាតតូចអូនសណ្តែកបានដំណើរការប្រហែល១០ខែ ដោយចាប់ផ្តើមដំបូងពីការបង្ហាញគំនិតរបស់ក្រុមខ្លួនដែលមានសមាជិកបីនាក់ក្នុងការច្នៃប្រឌិតប្រើប្រាស់សណ្តែកក្នុងការធ្វើអាជីវកម្មទៅកាន់គ្រូបង្រៀនរបស់ខ្លួនដើម្បីដាក់ចូលរូមកម្មវិធីមួយ។

កញ្ញាបានបន្តទៀតផងដែរថា អាជីវកម្មមួយនេះអាចបន្តដំណើរទៅបានដោយសារតែមានការជ្រោមជ្រែងពីខាងកម្មវិធី STEM Education Local Partnership Program of HEIP (Higher Education Improvement Project) ក្រសួងអប់រំ និងវិទ្យាស្ថានបច្ចេកវិទ្យាផ្ទាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺក្រុមរបស់កញ្ញារូបនេះទទួលបានការគាំទ្រជាថវិកាពីខាងធនាគារពិភពលោកក្នុងការបន្តការលើកតម្កើងផលិតផលក្នុងស្រុកផលិតចេញជាភេសជ្ជៈទឹកសណ្តែក។

បើតាម កញ្ញា ទេវី បានឱ្យដឹងថា ការធ្វើអាជីវកម្មក្នុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យវាពិតជាមានបញ្ហាប្រឈមផ្សេងៗជាច្រើនជាពិសេសគឺការគ្រប់គ្រងពេលវេលា ក៏ប៉ុន្តែកញ្ញាមិនដែលគិតថាចង់បោះបង់នោះឡើយ តែកញ្ញាបានរិះរកវិធីដែលសម្រួលភាពលំបាករបស់ខ្លួន និងក្រុមការងារជានិច្ច។

មិនបានយូរប៉ុន្មានបន្ទាប់ពីការដំណើរការអាជីវកម្មនេះ គឺធ្វើឱ្យកញ្ញាស្វែងយល់ពីបញ្ហា និងដំណោះស្រាយទាក់ទងនឹងទីតាំងដាក់ទឹកសណ្តែក និងក្រុមការងារដែលផលិតចេញជាទឹកសណ្តែក។

កញ្ញាបានដោះស្រាយបញ្ហាដាក់ទីតាំងលក់ទឹកសណ្តែកដោយកែប្រែពីការប្រើទូធម្មតា មកប្រើទូអគ្គិសនីដែលអតិថិជនអាចធ្វើការទិញដោយប្រើប្រាស់បច្ចេកវិទ្យា ដោយស្គែន QR ដើម្បីធ្វើការបង់ប្រាក់នោះទឹកសណ្តែកនឹងរមៀលចុះមកក្រោម។

ការដែលធ្វើបែបនេះបានធ្វើឱ្យមានភាពងាយស្រួលជាងមុនច្រើនដោយសារតែពីមុនត្រូវបង្កប់កាមេរ៉ាដើម្បីដឹងថាតើអតិថិជនពិតជាបានដាក់ប្រាក់ដែរទេ និងពេលខ្លះមិនដឹងចំនួនច្បាស់លាស់ តែពេលនេះក្រោយប្រើបច្ចេកវិទ្យាធ្វើឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការដឹងពីចំនួនទឹកសណ្តែកដែលលក់អស់ក្នុងមួយថ្ងៃដោយងាយស្រួលមិនចាំបាច់មានការរាប់ចំណាំនោះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង