
ភ្លើងគប់ព្រះអគ្គិជ័យកីឡា បន្ទាប់ពីបានដង្ហែទៅកាន់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី-អាគ្នេយ៍ រួចមក ទើបដង្ហែចូលមក ប្រទេសកម្ពុជាវិញ នៅទី២៧មេសា ស្អែកនេះ ហើយបន្តបន្ទាប់នៅ ថ្ងៃទី២៩មេសា ភ្លើងគប់ព្រះអគ្គិជ័យកីឡា នឹងដង្ហែទៅតាមបណ្តាខេត្ត ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ទើបឆ្ពោះទៅរាជធានីភ្នំពេញ ចូលទៅកាន់ពហុកីឡដ្ឋាន មរតកតេជោ។
អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងពាក់ព័ន្ធចុះទៅពិនិត្យទីតាំងនៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀលនិងនៅវត្តស្រះកែវមុន្នីវណ្ណ ដើម្បីត្រៀមទទួលនិងតម្កល់ភ្លើងគុបព្រះអគ្គិជ័យកីឡាមួយយប់នៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះពិនិត្យទីតាំងត្រៀមធ្វើពិធីប្រគល់ទទួលភ្លើងគប់ព្រះអគ្គិជ័យកីឡានៅថ្ងៃទី២៦មេសានេះ លោក ស្វាយ សំអ៊ាងអភិបាលខេត្តមានប្រសាសន៍ថានេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរ ដោយឡែកប្រជាជននៅខេត្តស្ទឹងត្រែង បានត្រៀមលក្ខណទទួលភ្លើងគប់ព្រះអគ្គិជ័យកីឡា ព្រោះខេត្តស្ទឹងត្រែងមានមោទនភាពត្រូវបានតម្កល់ភ្លើងគប់ព្រះអគ្គិជ័យកីឡាមួយយប់ ។
ពិធីប្រគល់ និងទទួល ព្រះអគ្គិជ័យកីឡានឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិណងណុកឃៀន ឡាវ និង ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង និងដង្ហែចូលទៅកាន់ ទីរួមខេត្ត ស្ទឹងត្រែងតម្កល់ទុកមួយយប់ថ្ងៃទី២៧ ខែមេសា លុះដល់ព្រឹកថ្ងៃទី២៨ និងបន្តដង្ហែទៅកាន់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល នាថ្ងៃបន្ទាប់៕