Cc time web banner 054637

ចិន១១នាក់បើកល្បែងអនឡាញនៅកម្ពុជាត្រូវតុលាការចិនជំនុំជម្រះពាក់ព័ន្ធទឹកលុយ២៥០០លានយ័ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ តុលាការនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ បានបើកសវនាការទាក់ទងនឹងករណីល្បែងតាមអ៊ីនធើណេតក្រៅប្រទេសចិនដ៏ធំមួយ។ ចំនួនលុយពាក់ព័ន្ធករណីនេះមានរហូតដល់ទៅ២៥០០លានយ័ន ហើយជនជាតិចិនចំនួន១១ នាក់ដែលជាប់សង្ស័យពីការបើកដំណើរការលេងល្បែងតាមអ៊ីនធើណេតដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ត្រូវបានតុលាការសាកសួរ។

តាមរបាយការណ៍តុលាការបានឲ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៧មក ជនជាប់ចោទជនជាតិចិនត្រកូលហួង ២នាក់ រួមជាមួយនិងអ្នកផ្សេងទៀត ដែលស្នាក់នៅសណ្ឋាគារមួយកន្លែងនៅខេត្តស្វាយរៀងបានធ្វើប្រតិបត្តិការ និងគ្រប់គ្រងកម្មវិធីល្បែងតាមអ៊ីនធើណេតជាច្រើន ដែលមានវេបសាយដូចជា៖“Bei Tou”“liu guan”“hong bo”“bo dang” “ yun bo”“Ibet”“duo huang” និង“ huang jia”ជាដើម។

ពួកគេបានជ្រើសរើសបុគ្គលិកជាច្រើននាក់ដើម្បីផ្សព្វផ្សាយ ទាក់ទាញជនជាតិចិនលេងល្បែងតាមរយៈអ៊ីនធើណេតដែលពួកគេបានបង្កើតឡើង ។ ក្នុងនោះដែរ មានជនជាតិចិនជាច្រើនបានបញ្ចូលលុយទៅក្នុងគណនី(Account)ក្នុងអ៊ីនធើណេត ដើម្បីលេងល្បែង។

របាយការណ៍បានឲ្យដឹងថា ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៨ ដល់ខែធ្នូឆ្នាំ ២០១៨ កម្មវិធីល្បែងតាមអ៊ីនធើណេតខាងលើបានទាក់ទាញអ្នកលេងក្នុងប្រទេសចិនប្រមាណជាង១ម៉ឺននាក់ ។ ក្នុងរយៈពេលជាងកន្លះឆ្នាំ លុយដែលបានបញ្ចូលសរុបមានប្រមាណជា៥០០លានយ័ន ហើយចំនួនទឹកប្រាក់ភ្នាល់សរុបរហូតដល់ទៅជាង២៥០០លានយ័ន ពួកគេបានប្រាក់ចំណេញយ៉ាងតិច ៤៩,៤១លានយ័ន។

ដោយសារតែជនជាប់ចោទមានចំនួនច្រើន ហើយចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងករណីនេះក៏មានចំនួនច្រើនដែរ។ ចំណែកឯកសារ និងភ័ស្តុតាងមានទៅដល់៣០ក្បាល ហើយសកម្មភាពនៃការជំនុំជម្រះលើកដំបូងនេះមានរយៈពេលជិត១០ ម៉ោង។

គួរបញ្ជាក់ផងដែរថា ករណីជនជាតិចិន១១នាក់បើកលេងល្បែងអនឡាញនៅកម្ពុជាពាក់ព័ន្ធទឹកលុយ២៥០០លានយ័នត្រូវបានតុលាការជ្រើសពេល ដើម្បីប្រកាសសាលក្រមនៅពេលក្រោយ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង