
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ មេសា បានសេចក្តីជូនដំណឹង ស្តីពីការស្ថាបនាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុ ២០២៣។ ជាមួយគ្នារដ្ឋបាលខេត្ត បានអំពាវនាវឲ្យពលរដ្ឋរុះរើ សង់ផ្ទះ តូប សំយ៉ាបផ្ទះ របង រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីរដ្ឋបាលខេត្តរៀបចំជួសជុលពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកភ្លៀង។ គម្រោងដែលរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៍មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋដែលកំពុងរស់ នៅតាមបណ្ដោយផ្លូវលេខ ៧០១-៩ (ផ្លូវចូលមន្ទីរព័ត៌មានខេត្ត) និងបណ្តាផ្លូវ មានទីតាំងស្ថិតនៅភូមិ១ ភូមិ២ និង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថា រដ្ឋបាលខេត្ត នឹងចាប់ផ្តើមជួសជុលពង្រីកផ្លូវ និងដាក់បណ្តាញលូទឹកភ្លៀងនៅទីតាំងផ្លូវខាងលើ ស្របទៅតាមប្លង់ គោល និងបទដ្ឋានបច្ចេកទេសនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ២០២៣។ ដូច្នេះពលរដ្ឋមួយចំនួនដែលកំពុងរស់នៅតាមបណ្ដោយផ្លូវខាងលើ រុះរើផ្ទះ តូប សំយ៉ាបផ្ទះ របង រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលបានកំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនាពេលកន្លងមក។
ប្រជាពលរដ្ឋ ត្រូវរៀបចំរុះរើទីតាំងដែលរងផលប៉ះពាល់ស្របតាមប្លង់គោលដែលបាន កំណត់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត យ៉ាងយូរក្នុងរយៈពេល០៧ ថ្ងៃ គិតចាប់ពី ដែលថ្ងៃក្រុមការងារចុះសិក្សាផលប៉ះពាល់និងវាស់វែងបាញ់ថ្នាំរួចរាល់។ ក្នុងករណីផុតថ្ងៃឱសានវាទខាងលើ អាជ្ញាធរក្រុងព្រះសីហនុ ត្រូវសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ រៀបចំឈូសឆាយរាល់សំណង់ ដែលសង់លើចំណីផ្លូវ ស្របតាមប្លង់គោលដែលបានកំណត់ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ ដើម្បី ធានាឱ្យការងារប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក៕