ភ្នំពេញ៖ លោក ជួន ភិរម្យ បានសម្រេចក្តីស្រមៃក្នុងការឡើងភ្នំដែលខ្ពស់ជាងគេលើពិភពលោកបន្ទាប់ពីបានត្រៀមខ្លួនបានយ៉ាងល្អដើម្បីកាត់បន្ថយហានិភ័យ និងរួមផ្សំជាមួយនឹងបទពិសោធន៍ក្នុងការឡើងភ្នំតាំងពីឆ្នាំ២០០១។
លោក ជួន ភិរម្យ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកមានចំណង់ចំណូលចិត្តក្នុងការឡើងភ្នំ និងមានបទពិសោធន៍ឡើងភ្នំជាច្រើនក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសចំនួន៣លើក ក្នុងវ័យ ៤៣ឆ្នាំ ទម្រាំអាចសម្រេចក្តីស្រមៃក្នុងការលើកទង់ជាតិព្រះរាជាណាចក្រកម្ពុជានៅ Everest Base Camp កាលពីខែមេសា កន្លងទៅនេះ។
ក្នុងកំឡុងពេលដែលកម្ពុជាកំពុងប្រារព្ធកម្មវិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាពេលវេលាដែលលោកកំពុងតែខិតខំព្យាយាមឡើងភ្នំយ៉ាងសស្រាក់សស្រាំបូករួមជាមួយនឹងហាsនិភ័យក្នុងការធ្វើដំណើរ។ ថ្វីត្បិតតែលោកបានដឹងថាការឡើងភ្នំមួយនេះមានហានិភ័យច្រើនក៏ពិតមែន លោកនៅតែបន្តដំំណើរដោយសារតែមូលហេតុមួយចម្បងគឺចង់បង្ហាញពីមោទនភាពនៃកម្ពុជាដែលអាចចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការឡើងភ្នំដែលខ្ពស់ជាងគេក្នុងពិភពលោក។
បើតាមលោក ភិរម្យ បានឱ្យដឹងថា ការឡើងភ្នំលើកទី១របស់លោកគឺនៅពេលដែលលោកបានឡើងភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា រយៈពេល២០ ឆ្នាំមុន ។ ការឡើងភ្នំឱរ៉ាល់នេះបានធ្វើឱ្យលោកកាន់តែមានចំណាប់អារម្មណ៍ដំណើរកម្សាន្តបែបជាមួយនឹងធម្មជាតិកាន់តែខ្លាំងឡើងរហូតបន្តការកម្សាន្តបែបនេះមកដល់បច្ចុប្បន្ន និងចាប់អាជីពធ្វើការក្នុងវិស័យលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និង ជា Influencer មួយរូបនៃក្រសួងបរិស្ថានផងដែរ។
លោកភិរម្យបានបន្ថែមទៀតថា ការឡើងភ្នំ Everest របស់លោកប្រៀបដូចជាបេសកកម្មមួយរបស់លោកក្នុងការបង្ហាញមោទនភាពជូនមាតុភូមិរបស់ខ្លួន តាមរយៈការដាក់ទង់ជាតិខ្មែរនៅលើ Everest Base Camp ដែលជាក្តីស្រមៃដ៏យូរលង់ណាស់មកហើយដែលលោកចង់ធ្វើសម្រាប់ខ្លួនឯង និងសង្គមជាតិ។
លោក បានរៀបរាប់បន្តទៀតថា ការឡើងភ្នំនេះពិតជាមានហានិភ័យខ្លាំងជាងដំណើរកម្សាន្តដែលលោកធ្លាប់ធ្វើរាល់ដង ពីព្រោះថា តាំងពីការធ្វើដំណើរតាមយន្តហោះរហូតទៅដល់ទីតាំងនៃការឡើងភ្នំគឺពោរពេញទៅដោយហានិភ័យប្រសិនបើមិនបានត្រៀមខ្លួនបានល្អ ។
តួយ៉ាង នៅថ្ងៃតែមួយដែលលោកកំពុងតែឡើងភ្នំ មានសត្វម្យ៉ាងដែលប្រើសម្រាប់ដឹកជញ្ជូនឥវ៉ាន់តាមផ្លូវដែលលោកកំពុងតែធ្វើដំណើរដ៏ស្រៀវស្រួចបានឆក់យកជីវិតរបស់ម្ចាស់របស់ខ្លួនដោយបានរត់បុកធ្វើឱ្យម្ចាស់របស់វាបានធ្លាក់ពីលើភ្នំនោះស្លាប់មួយរំពេច។ សត្វនោះស្ទើរតែរត់បុកលោកភិរម្យទៅហើយ ប្រសិនបើមិនមានអ្នកដំណើរផ្សេងទៀតបានស្រែកប្រាប់លោកភិរម្យឱ្យគេចខ្លួនទាន់ពេលវេលា។
ជាចុងក្រោយលោកក៏បានចែករំលែកទៅកាន់យុវជនជំនាន់ក្រោយដែលមានការស្រលាញ់ការឡើងភ្នំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈឱ្យបានរួចរាល់មុននឹងធ្វើដំណើរទៅឡើងភ្នំនៅតំបន់ណាមួយ ជាពិសេសគួរតែសូមការចែករំលែកពីអ្នកដែលមានបទពិសោធន៍ស្រាប់ដើម្បីអាចចៀសវាងបញ្ហាហានិភ័យណាមួយដែលអាចកើតមានឡើងជាយថាហេតុ៕