ភ្នំពេញ៖ ក្រសួងអប់រំ បានចេញសេចក្តីណែនាំស្តីពីការជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងភ្នំពេញដើម្បីត្រៀមខ្លួនប្រឡងនៅទូទាំងប្រទេសនៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង។
យោងតាមសេចក្តីណែនាំដែលបានចេញផ្សាយដោយក្រសួងអប់រំនៅលើគេហទំព័រផ្លូវការ ក្រសួងអប់់រំបានប្រកាសថាការជ្រើសរើសសិស្សពូកែទូទាំងប្រទេសកំណត់យកសិស្សពីរកម្រិតថ្នាក់គឺ ថ្នាក់ទី ៩ និងថ្នាក់ទី១២ ដែលមានវិញ្ញាសាប្រឡងផ្សេងៗគ្នាដូចជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា។
ក្នុងការប្រឡងសិស្សពូកែនេះ សិស្សត្រូវធ្វើការជ្រើសរើសតែមុខវិជ្ជាឯកទេសមួយតែប៉ុណ្ណោះក្នុងចំណោមមុខវិជ្ជាទាំងបី ។ សម្រាប់មុខវិជ្ជាវប្បធម៌ទូទៅ បេក្ខជនទាំងអស់នឹងត្រូវតែប្រឡងដូចៗគ្នា។ សម្រាប់មុខវិជ្ជាឯកទេស បេក្ខជនមានពេល ១៨០ នាទី ចំណែកឯវប្បធម៌ទូទៅ មានរយៈពេល ១២០ នាទី។
បេក្ខជនម្នាក់ៗត្រូវធ្វើការប្រឡងជាបីពេល គឺមុខវិជ្ជាឯកទេសចំនួនពីរពេល និងមុខវិជ្ជាវប្បធម៌ទូទៅចំនួនមួយពេល។ សម្រាប់មុខវិជ្ជារូបវិទ្យា បេក្ខជនអាចប្រើម៉ាស៊ីនគិតលេខបានដែលបានរៀបចំសម្រាប់បេក្ខជន។
ការប្រព្រឹត្តទៅនៃដំណើរការប្រឡងនេះបែងចែកដូចតទៅ ថ្ងៃទី១១ មិថុនា ជាថ្ងៃដែលបើកកម្មវិធី និងការណែនាំផ្សេងទៀតសម្រាប់បេក្ខជន។ ថ្ងៃ ១២ មិថុនា និងថ្ងៃទី១៤ ជាថ្ងៃដែលសិស្សចាប់ផ្តើមប្រឡងមុខវិជ្ជាឯកទេសពីរលើក។ ថ្ងៃទី១៣ មិថុនា ជាថ្ងៃដែលសិស្សត្រូវប្រឡងវិញ្ញាសាវប្បធម៌ទូទៅ។ ចំណែកឯថ្ងៃទី ១៥ និងទី១៦ ជាថ្ងៃដែលសិស្សធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានផ្សេងៗ។ ថ្ងៃដែលចេញលទ្ធផល និងបិទកម្មវិធីការប្រឡងសិស្សពូកែ គឺថ្ងៃទី ១៨ មិថុនា ឆ្នាំ២០២៣។
សម្រាប់លទ្ធផលនៃការប្រឡង ក្រសួងនឹងជ្រើសរើសចំនួន១០ នាក់ក្នុងមួយមុខវិជ្ជា ដែលបេក្ខជនជ័យលាភីម្នាក់ៗទទួលបានចំនួនសាច់ប្រាក់ជាកាដូផ្សេងៗគ្នាទៅតាមលំដាប់លេខរៀងរបស់ខ្លួន។ គួរបញ្ជាក់ថា សិស្សពូកែដែលទទួលបានជ័យលាភីលេខ ១ ដល់ លេខ ៣ នឹងទទួលបានមួយគ្រឿងក្នុងម្នាក់បូកផ្សំជាមួយនឹងរង្វាន់ផ្សេងៗទៀតជាសាច់ប្រាក់ទៅតាមលេខរៀងរបស់ខ្លួន។
នៅឆ្នាំសិក្សា២០២២ ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសវិទ្យាល័យនេតយ៉ង់ជាទីតាំងសម្រាប់ការប្រឡង និងប្រារព្ធកម្មវិធីចែកវិញ្ញាបនបត្រ និងរង្វាន់សម្រាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស។ ក្នុងកំឡុងពេលប្រឡងនេះផងដែរ មន្ទីរអប់រំ យុវជន និងកីឡានៃខេត្តបាត់ដំបង នឹងត្រូវសហការជាមួយនាយកដ្ឋានកិច្ចការប្រឡងដើម្បីរៀបចំកម្មវិធីដំណើរកម្សាន្តរបស់បេក្ខជនទៅកាន់រមណីយដ្ឋានកែច្នៃ ធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត ឬ ទីកន្លែងដែលមានសក្តានុពលផ្សេងទៀតនៅខេត្តបាត់ដំបង៕