ចិន៖ ប្រទេសចិនជាបឋមបានបង្កើតបណ្តាញត្រួតពិនិត្យទូទាំងប្រទេស ដើម្បីធានាបាននូវគុណភាពនៃដីបង្កបង្កើនផល ដែលជាសញ្ញានៃរបកគំហើញដ៏សំខាន់មួយក្នុងការអភិរក្សដីដាំដុះ។ នេះបើយោងតាមក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានចុះផ្សាយ។
ទិន្នន័យចុងក្រោយបង្អស់បង្ហាញថា ស្ថានីយ៍ត្រួតពិនិត្យគុណភាពដីដែលអាចបង្កបង្កើនផលបានចំនួន ២៨,០០០ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសចិន ដែលគ្របដណ្តប់លើប្រភេទដី និងប្រព័ន្ធដាំដុះសំខាន់ៗទាំងអស់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Wuhu នៃខេត្ត Anhui ភាគខាងកើតប្រទេសចិន មន្រ្តីបច្ចេកទេសចិនបានគូសបញ្ជាក់ថា ពួកគេបានយកចិត្តទុកដាក់ជាពិសេសក្នុងការកែតម្រូវដីខ្មៅសម្បូរកាបូន និងមានជីជាតិខ្ពស់នៅភាគឦសាន ដីអាស៊ីតនៅភាគខាងត្បូង។ ពួកគេបានអនុវត្តកម្មវិធីសាកល្បងដើម្បីកែតម្រូវដីដែលមានជាតិអាស៊ីត និងប្រៃ ដើម្បីបង្កើនគុណភាពដីក្នុងដំណើរការស្វែងរកវិធីសាស្រ្តបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព។
លោក Zhang Xingwang អនុរដ្ឋមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា "យើងនឹងអនុវត្តការស្ទង់មតិដីទូលំទូលាយជាការពិនិត្យឡើងវិញពាក់កណ្តាលរយៈពេលរៀងរាល់១០ ទៅ ២០ ឆ្នាំម្តង ដើម្បីវាយតម្លៃគុណភាព និងប្រើប្រាស់ការសម្របខ្លួននៃដីបង្កបង្កើនផល។ លោកបន្ថែមថា យើងនឹងធ្វើការស្ទង់មតិរយៈពេលខ្លី និងវាយតម្លៃរៀងរាល់ប្រាំឆ្នាំម្តង។
ប្រទេសចិននឹងអនុវត្តការស្ទង់មតិដីថ្នាក់ជាតិលើកទីបីនៅឆ្នាំនេះ ដើម្បីត្រួតពិនិត្យឱ្យបានពេញលេញលើផ្ទៃដីបង្កបង្កើនផលប្រហែល ៧៣៤ លានហិកតា និងដីមួយចំនួនដែលមិនប្រើប្រាស់។ លើសពីនេះ ប្រទេសចិននឹងអនុវត្តគម្រោងកែលំអដីដែលមានជាតិអាស៊ីត និងប្រៃ ការសាងសង់កសិកម្មដីខ្មៅ ការគ្រប់គ្រងអាងទឹកតូចៗ លើកកម្ពស់ការវិលត្រឡប់មកវិញនូវលាមកសត្វ និងការលើកកម្ពស់បច្ចេកទេសកសិកម្ម ដើម្បីធានាបាននូវការអនុវត្តការងារការពារប្រចាំឆ្នាំ៕