
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិប្រជុំ ត្រៀមរៀបចំពិធីបុណ្យវិសាខបូជា នឹងប្រារព្ធធ្វើឡើង នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ។ នេះជាការលើកឡើងរបស់លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាលអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
កិច្ចប្រជុំនេះ មានការយាងនិមន្តចូលរួមពី តំណាងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ជាច្រើនរូប កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

លោក ឈិន កេតនា បានបញ្ជាក់ថា កាលបរិច្ឆេទនិងទីតាំង ប្រារព្ធពិធីបុណ្យវិសាខបូជាត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧដុង្គ ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។
លោក ឈិន កេតនា ប្រធានអង្គប្រជុំបានទូលប្រគេន និងជម្រាបជូនផងដែរអំពីភារកិច្ចត្រូវរៀបចំពិធីបុណ្យវិសាខបូជាឆ្នាំនេះ ឱ្យដំណើរការនិងប្រព្រឹត្តិទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ថ្កើនថ្កាននៃយើង។
សូមបញ្ជាក់ជូនថា ពិធីបុណ្យវិសាខបូជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃអភិលក្ខិតសម័យទាំងបី មានថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ៕