
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៦ ខែមេសា បានហាមមិនឱ្យអ្នករៀបចំកម្មវីធីប្រកួតប្រដាល់គុនខ្មែរ ដោយផ្គូផ្គងកីឡាករដែលត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខាងមុខ ឡើងសង្វៀនញឹកញាប់ឡើយ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កីឡាករដែលត្រៀមប្រកួតនៅស៊ីហ្គេម មិនគួរឱ្យចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ណាមួយនោះទេ ត្រូវរង់ចាំឱ្យការប្រកួតស៊ីហ្គេមបានចប់។ បើមិនដូច្នោះទេ កីឡាករដែលបានផ្គូផ្គងសម្រាប់ស៊ីហ្គេម នឹងត្រូវបាត់បង់ឱកាសនៅពេលនោះ។
សម្តេច បានបញ្ជាក់ថា បើសិនជាមានហេតុការណ៍ណាមួយកើតឡើង ដូចជាកីឡាករ ឈឿន ល្វៃ ថាតើជើងរបស់គាត់ អាចជាសះស្បើយមុនការប្រកួតស៊ីហ្គេម បានដែរឬទេ ។ ក្រោយពីកីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ បានរងរបួសជើង ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយកីឡាករថៃ សាម៊ី ប៊ែនឆាមេត។
គួរបញ្ជាក់ថា ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថៃ្ងទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ៕