Cc time web banner 054637

ពលរដ្ឋខ្មែរជាង២ម៉ឺននាក់វិលចូលស្រុកវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋខ្មែរជាង២ម៉ឺននាក់វិលចូលស្រុកវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត។

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មានពលរដ្ឋខ្មែរវិលត្រលប់ចូលប្រទេសវិញ មានប្រមាណជាង២ម៉ឺននាក់ដែលភាគច្រើនជាពលករដែលបម្រើការងារក្នុងប្រទេសថៃ ខណៈក្រុមអាជ្ញាធរកម្ពុជាកំពុងជួយសម្រួលដល់បែបបទចូលប្រទេស។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្តល់ជូនដល់សារព័ត៌មាន ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១២ មេសានេះ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ បន្ថែមទៀត គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ មកដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ មានពលរដ្ឋខ្មែរវិលត្រលប់ចូលប្រទេសវិញចំនួន ២២,១៧៦នាក់ ដោយភាគច្រើនចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

បើតាមនាយឧត្តមសេនីយ៍ កែវ វណ្ណថន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋវិលចូលប្រទេសវិញ អាជ្ញាធរកម្ពុជា បានជួយ​សម្រួលពន្លឿន​ដល់ការធ្វើបែបបទចូលប្រទេសឱ្យមានភាពឆាប់រហ័ស។ការវិលចូលប្រទេសកម្ពុជាវិញពេលនេះ គឺធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នៅថ្ងៃទី ១៤ មេសា ឆ្នាំ២០២៣​ខាងមុខនេះ។

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអះអាងថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ទ័រស្ទើ, បណ្ណស្នាក់នៅ និង Border Pass ទាំងអស់គ្នា ហើយពលករទាំងអស់នេះ កំពុងអង្គុយចាំវៃប៉ាស្ទ័រ និង Border Pass ដើម្បីវិលចូលមកស្រុកកំណើតវិញ។

ពលរដ្ឋ​ខ្មែរ​មកពីប្រទេសថៃ អាជ្ញាធរខេត្ត បានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយ​រយៈ​ ដើម្បី​រង់ចាំ​ត្រួតពិនិត្យ​លើបញ្ហាសុខភាព​ពី​សំណាក់លោកគ្រូ​ពេទ្យ​សិន មិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ​ព្រោះ​​​ខ្លាច​ពួកគាត់​ផ្ទុក​នូវ​មេរោគ​​កូវីដ យក​ទៅ​ចម្លង​ដល់​ក្រុម​គ្រួសារ​ ដែល​នៅ​ឯ​ស្រុកកំណើត​របស់​ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង