Cc time web banner 054637

ក្រសួងបរិស្ថានរៀបចំយុទ្ធនាការ«កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»នៅក្រចេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ក្រចេះ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលក្រុងក្រចេះ បានរៀបចំយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន និង ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។

ក្នុងឱកាសបើកកម្មវិធី លោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថា នៅខេត្តក្រចេះ កាកសំណល់សំរាម មានប្រមាណ ៣៧តោនក្នុងមួយថ្ងៃ ដែល៧០% នៃសំរាមបានយកទៅចាក់នៅទីលានចាក់សំរាម ប៉ុន្តែ៣០%ទៀតគឺនៅពាសវាលពាសកាលនៅឡើយ ដូចនេះហើយទើបទាមទារឱ្យមានការចូលរួមថែរក្សាបរិស្ថាន ទៅតាមលំនាំស្អាត៣គឺ ស្អាតទឹក ស្អាតដី និងស្អាតខ្យល់។

លោក ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានលើកឡើងថា មនុស្សម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិក៤-៥ថង់ ក្នុងមួយថ្ងៃ ដោយហេតុប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើន តម្រូវការរបស់មនុស្សលើការប្រើប្រាស់ថង់ប្លាស្ទិកក៏មានកាន់តែច្រើន បើមើលទៅទីក្រុងភ្នំពេញ សំណល់ប្លាស្ទិកមានដល់ទៅ១០លានថង់ក្នុងមួយថ្ងៃ និង១លានតោនក្នុងមួយឆ្នាំ ដែលអាចយកទៅកែច្នៃបានមានតែ៣%ប៉ុណ្ណោះ ជាហេតុគួរឱ្យបារម្ភ ដូច្នេះគឺតម្រូវឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយសំណល់ប្លាស្ទិច។

ថ្លែងក្នុងឱកាសនោះដែរ លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាការបំផុសស្មារតីរបស់សាធារណជនទូទៅឱ្យមានការប្រើប្រាស់ថង់ប្លាស្ទិកក្នុងភាគរយតិចបំផុត និងបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង