ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ នាថ្ងៃទិ០៦ មេសា បានសេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសយុវជនមានពិការភាព ចូលរួមបណ្ដុះបណ្តាលត្រៀមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យា សម្រាប់ការប្រកួតយុវជនមានពិការភាពឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។ ការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី២៨ មេសា វេលាម៉ោង១៧:០០ ខាងមុខនេះ។
អគ្គលេខាធិការដា្ឋនក្រុមប្រឹក្សាសកម្មភាពជនពិការ អំពាវនាវដល់យុវជនមានពិការភាពប្រភេទទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ដែលវគ្គចុងក្រោយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។
១. លក្ខខណ្ឌនៃការជ្រើសរើស
យុវជនមានពិការភាពអាចចូលរួមប្រកួតប្រជែងបានត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានអាយុពី១៤ ដល់២៣ឆ្នាំ (គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣)
- ចេះភាសាអង់គ្លេសដែលអាចទំនាក់ទំនងសាមញ្ញៗបាន
- មានចំណេះដឹងផ្នែកកុំព្យូទ័រនិងមានកុំព្យូទ័រ ឬស្មាតហ្វូនសម្រាប់ការសិក្សានិងប្រកួត
- មានការអនុញ្ញាតិពីគ្រួសារ អាណាព្យាបាល និងសាលារៀន ដើម្បីចូលរួមបណ្តុះបណ្តាលនិងប្រកួត
- អាចចូលរួមបណ្ដុះបណ្តាល ប្រកួតប្រជែង ថ្នាក់ជាតិនិងអន្តរជាតិទាំងតាមអនឡាញនិងផ្ទាល់
២. កាលបរិច្ឆេទនិងទីកន្លងទទួលពាក្យ
យុវជនមានពិការភាព សាលារៀន ក្រុមគ្រួសារ អាណាព្យាបាល អង្គការ សមាគម ក្រសួង មន្ទីរ ស្ថាប័ន ដែលមាន ចំណាប់អារម្មណ៍ សូមទំនាក់ទំនងផ្ទាល់មកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានទីតាំងនៅក្នុងបរិវេណទីស្ដីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អាគារលេខ ៧៨៨ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ (អាគារ B បន្ទប់លេខ ៣-B ០១) ឬទំនាក់ទំនងទូរស័ព្ទនិងតេឡេក្រាម: ០៧៧ ៣៥៥ ៦៦៦/ ០១០ ៧៧៤ ៤៤២/ ០៨៩ ៥៨៩ ៨៩៨/ ០១៦ ៧៣៣ ៩២៣ / ០៧០ ៨៧៣ ៧០៥ ឬអាចបំពេញពាក្យផ្ញើតាមអ៊ីម៉ែលៈ [email protected]។ យុវជនមានពិការភាពអាចស្វែងរកពាក្យសុំចូលរួមតាមរយៈលីងនៅទីនេះ https://rb.gy/qmfo9។