
ចិន៖ នាវាល្បាតរបស់ចិន Haixun 06 បានមកដល់ច្រកសមុទ្រតៃវ៉ាន់ភាគកណ្តាល សម្រាប់ប្រតិបត្តិការល្បាត និងត្រួតពិនិត្យរួមគ្នារយៈពេលបីថ្ងៃនៅក្នុងតំបន់។ ប្រតិបត្តិការនេះត្រូវបានចាប់ផ្តើមដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្រ Fujian នៅផ្នែកកណ្តាល និងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ពីថ្ងៃពុធដល់ថ្ងៃសុក្រ។
បើតាមមន្រ្តីចិនបានឲ្យដឹងថា វាគឺជាផ្នែកមួយនៃផែនការការងារល្បាតប្រចាំឆ្នាំរបស់រដ្ឋបាល ហើយពាក់ព័ន្ធនឹងនាវាអនុវត្តដែនសមុទ្រជាច្រើនដែលដឹកនាំដោយនាវាល្បាត Haixun 06 ដែលជានាវាល្បាតដែនសមុទ្រដ៏ធំមួយដែលត្រូវបានដាក់ពង្រាយនៅច្រកសមុទ្រតៃវ៉ាន់។
ការល្បាតនេះមានគោលបំណងធានានូវបរិយាកាសនាវាចរណ៍ និងសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនាវាសំខាន់ៗ និងមមាញឹកមួយចំនួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោះស្រាយការបំពានលើនាវា និងការពារការប៉ះទង្គិចគ្នារវាងនាវាពាណិជ្ជកម្ម និងនេសាទ៕