
សៀមរាប៖ «នំបញ្ចុកសៀមរាប» ផលិតឡើងតាមបែបបុរាណ មានរសជាតិឆ្ងាញ់ និង កេរ្តិ៍ឈ្មោះល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សា និង វាយតម្លៃដើម្បីចុះក្នុងបញ្ជីម៉ាកសមូហភាព និងរៀបចំការចងក្រងរូបមន្តនៃការផលិត។
ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាមក ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។ ដូច្នេះហើយទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវករ ផលិតករនំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចងក្រងរូបមន្ត និងការចុះបញ្ជីម៉ាកសមូភាពនេះទៀតសោត ក៏អាចទាក់ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអំពាវនាវដល់ប្រជាកសិករ ម្ចាស់អាជីវកម្មដ្ឋាន ដើម្បីង្កើនគុណភាពផលិតផល និងផ្អែកតាមសក្តានុពលមូលដ្ឋាននីមួយៗរៀបចំមុខទំនិញ ឬកសិផលដាក់បញ្ចូលក្នុងបញ្ជីភូមិមួយផលិតផលមួយ ឬការចុះបញ្ជីភូមិសាស្ត្រទំនិញជាដើម៕




