Yearendyearend1140x150

ប្រមុខការពារជាតិ៖សមយុទ្ធនាគមាស២០២៣បង្ហាញពិភពលោកឲ្យកាន់តែច្បាស់ពី«មិត្តដែកថែប»កម្ពុជា-ចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងការពារជាតិ

កំពង់ឆ្នាំង៖ ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញដល់ពិភពលោកឲ្យកាន់តែច្បាស់បន្ថែមទៀតថា «មិត្តដែកថែប» រវាងកម្ពុជា-ចិន មិនអាចបំបែកបំបាក់បាននោះឡើយ ខណៈការធ្វើសមយុទ្ធនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោកផងដែរ។ សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថ្លែងក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ នាព្រឹកថ្ងៃទី០៥ មេសា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ សម្តេច ទៀ បាញ់ បានលើកឡើងថា សមយុទ្ធ«នាគមាសឆ្នាំ២០២៣»រវាងកងទ័ពកម្ពុជា និងចិន លើកទី៥នេះ បានផ្តល់ឱកាសដល់កងទ័ពទាំងពីរទទួលបានការផ្លាស់ប្តូរបន្ថែម នូវចំណេះដឹងបទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា កាន់តែជិតស្និទ្ធថែមទៀតសម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។

រូបភាព៖ ក្រសួងការពារជាតិ


តាមរយៈសមយុទ្ធរួមគ្នាជាមួយកងទ័ពចិនក្នុងរយៈពេល២០ថ្ងៃមកនេះ កងទ័ពកម្ពុជាក៏ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗថែមទៀត ដូចជាការចល័តកងកម្លាំង ការដោះស្រាយជាយថាហេតុ ការរុករកបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ការដោះស្រាយជំងឺឆ្លង និងកិច្ចការសង្គមមួយចំនួនទៀត និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំកម្លាំងសម្រាប់ចូលរួមព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នាពេលដ៏ខ្លីខាងមុខទៀតផងដែរ។

ប្រមុខការពារជាតិ បានបញ្ជាក់ទៀតថា សមយុទ្ធនេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប» យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ។

រូបភាព៖ ក្រសួងការពារជាតិ

គួរបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានពីការធ្វើសមយុទ្ធរួមគ្នាលើកទី៥នេះ ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាពកម្ពុជា-ចិន»ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្ដង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែបដែលជារតនៈសម្បត្តិដ៏មានតម្លៃបំផុតគ្រប់ជំនាន់ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ដែលជាផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា និងចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគមន៍ វាសនារួមកម្ពុជា-ចិន៕

រូបភាព៖ ក្រសួងការពារជាតិ
រូបភាព៖ ក្រសួងការពារជាតិ
រូបភាព៖ ក្រសួងការពារជាតិ
រូបភាព៖ ក្រសួងការពារជាតិ
រូបភាព៖ ក្រសួងការពារជាតិ
រូបភាព៖ ក្រសួងការពារជាតិ
រូបភាព៖ ក្រសួងការពារជាតិ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង