Cctimesw1140xh150cm copy

ការចូលចិត្តចែករំលែកធ្វើឱ្យ កញ្ញា ធារី ក្លាយជាគ្រូបង្រៀនក្មេងៗនៅសាលាបឋម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា បុណ្យ ធារី មានអាយុ ២៤ ឆ្នាំ កំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាពុកឬស្សី និងជាបុគ្គលិកមួយរូបនៅអង្គការបង្រៀនដើម្បីកម្ពុជា។ ដោយសារតែការមានក្តីស្រមៃច្បាស់លាស់ធ្វើឱ្យកញ្ញាបានធ្វើជាគ្រូបង្រៀន និងមានមោទនភាពក្នុងការបង្កើនសមត្ថភាពបង្រៀនបន្តទៀត។

អ្នកគ្រូវ័យ ២៤ ឆ្នាំ ធារី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានចាប់ផ្តើមអាជីពជាគ្រូបង្រៀនអស់រយៈពេល ៤ ឆ្នាំមកហើយមកដល់ពេលនេះ។ ការចាប់អាជីពជាគ្រូបង្រៀនមិនមែនជាក្តីស្រមៃដែលទើបនឹងមាននោះទេ គឺកញ្ញាមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនតាំងពីតូចមកម្ល៉េះ។

កញ្ញា ធារី បានបន្តទៀតថា កាលពីនៅកុមារ កញ្ញាតែងតែស្រមៃថា ពេលធំឡើងនឹងក្លាយជាមនុស្សម្នាក់ដែលអាចពន្យល់គេ អាចណែនាំ និងផ្តល់ជាការអប់រំទៅកាន់មនុស្សជុំវិញខ្លួនជំនាន់ក្រោយ អាស្រ័យហេតុនេះហើយទើបកញ្ញាបានដាក់ពាក្យប្រលងគ្រូនៅពេលចប់បាក់ឌុបភ្លាម។ ក្តីស្រមៃគួបផ្សំជាមួយនឹងការខិតខំប្រឹងប្រែង កញ្ញា ធារី បានក្លាយជាគ្រូបង្រៀននៅសាលាបឋមសិក្សាពុកឬស្សីដែលជាសាលាដែលកញ្ញាធ្លាប់រៀននៅទីនោះតាំងពីតូច ។

បើតាមកញ្ញា ធារី បានឱ្យដឹងថា ការបង្រៀនកុមារនៅតូចៗតម្រូវឱ្យកញ្ញាមានភាពបត់បែនជាច្រើនទើបអាចធ្វើឱ្យសិស្សអាចយកចិត្តទុកដាក់ក្នុងការរៀនសូត្របាន។ ក្មេងតូចៗរមែងតែចូលចិត្តការកម្សាន្តច្រើនជាងការរៀន ដូចនេះ ក្នុងនាមជាគ្រូបង្រៀនសិស្សក្មេងៗ កញ្ញា ធារី ត្រូវត្រៀមតិចនិចជាច្រើនដើម្បីអាចដោះស្រាយជាមួយនឹងសិស្សបាន។


កញ្ញា ធារី បានរៀបរាប់ថា នៅពេលដែលសិស្សចាប់ផ្តើមមានអារម្មណ៍ថាមិនស៊ូវមានចំណាប់អារម្មណ៍ក្នុងការស្តាប់យើងជាគ្រូពន្យល់ កញ្ញាតែងតែប្រើតិចនិចមួយដើម្បីទាញអារម្មណ៍សិស្សមកវិញ គឺ កញ្ញាព្យាយាមនិទានជារឿងអ្វីមួយដើម្បីសិស្សអាចយកចិត្តទុកដាក់ស្តាប់ និងអាចឱ្យសិស្សមានភាពសប្បាយរីករាយ និងអាចរៀនសូត្របានពីរឿងដែលកញ្ញានិទានផងដែរ។ ពេលខ្លះទៀត កញ្ញា បានលេងល្បែងកម្សាន្តបែបអប់រំផ្សេងទៀតដែលបង្កប់មេរៀនដែលបានរៀនចូលជាមួយនឹងភាពសប្បាយរីករាយ។

លើសពីនេះទៅទៀត ថ្វីត្បិតតែការបង្រៀនសិស្សតូចៗពេលខ្លះអាចនឹងមានភាពរីករាយជាមួយនឹងអត្តចរិករបស់ពួកគេក៏ពិតមែន តែក៏មានពេលខ្លះធ្វើឱ្យកញ្ញាពិបាកក្នុងការប្រឈមនឹងបញ្ហាដែលជួបពេលបង្រៀនផងដែរ។ កញ្ញាក៏បានចែករំលែកពីភាពលំបាកផ្សេងៗដែលកញ្ញាបានជួបប្រទះកំឡុងពេលធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាផងដែរ។

ភាពលំបាកទី១ គឺនៅពេលដែលសិស្សមិនអាចចាប់បានអ្វីដែលកញ្ញាបានពន្យល់នៅក្នុងថ្នាក់។ ជាធម្មតាក្នុងថ្នាក់នីមួយៗតែងតែមានសិស្សដែលមានកម្រិតខុសៗគ្នា ដូចនេះ ការបង្រៀនតិចនិចមួយមិនអាចធ្វើឱ្យសិស្សគ្រប់ៗគ្នាបានយល់ទាំងអស់គ្នានោះទេ។ ដូចនេះ កញ្ញា ត្រូវស្វែងរកតិចនិចផ្សេងទៀតសម្រាប់ពន្យល់សិស្សដែលមិនទាន់មានការយល់ច្បាស់ពីអ្វីដែលកញ្ញាបានពន្យល់។

ភាពលំបាកទី២ដែលកញ្ញាបានជួបប្រទះគឺ ពិបាកនៅក្នុងការមើល និងគ្រប់គ្រងសិស្សជាច្រើនក្នុងពេលតែមួយ។ ក្នុងថ្នាក់រៀនភាគច្រើនមានសិស្ស ៣០ ទៅ ៤០ នាក់ ដែលជាក្មេងតូចៗ ដូចនេះពេលខ្លះធ្វើឱ្យមានភាពនឿយហត់បន្តិចនៅក្នុងការគ្រប់គ្រងសិស្សបានល្អទៅបាន។

កញ្ញា ធារី បានសង្កត់អត្ថន័យថា ការជោគជ័យរបស់សិស្សអាចកើតឡើងបានរមែងណាមានការចូលរួមពីសិស្សដោយផ្ទាល់ គ្រូបង្រៀន អាណាព្យាបាល និងអ្នកដែលនៅជុំវិញសិស្សផ្ទាល់។ ការរៀនចេះ មិនអាចកើតឡើងដោយសារតែកត្តាណាមួយតែម្យ៉ាងនោះទេ គឺ ភាគីដែលពាក់ព័ន្ធទាំងអស់ខាងលើត្រូវសហការគ្នាយ៉ាងស្អិតរមួត ដើម្បីកសាងធនធានមនុស្សដែលមានគុណភាពសម្រាប់ប្រទេសជាតិ។

ជាចុងក្រោយ អ្នកគ្រូ ធារី មានពាក្យពេជន៍ក្នុងការជម្រាបជូនទៅអាណាព្យាបាលគ្រប់រូបដោយចង់ឱ្យអាណាព្យាបាលព្យាយាមចំណាយពេលដែលទំនេរបន្តិចបន្តួចពិនិត្យលើការសិក្សារបស់កូន ហើយនិយាយលើកទឹកចិត្ត ដើម្បីឱ្យក្មេងតូចៗអាចបង្កើនភាពក្លាហាន និងមានទំនុកចិត្តជាងមុននៅក្នុងការរៀនសូត្រ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង