
ភ្នំពេញ៖ ក្រសួងបរិស្ថាន ថ្ងៃទី០៧ ដល់ថ្ងៃទី០៩ មេសា រៀបចំ «ពិព័រណ៍កេសរកូល» ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា»។
បើតាមក្រសួងបរិស្ថាន ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និង គុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជា ដើម្បីជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ។ បន្ថែមពីនេះ ពិព័រណ៍នេះ ក៏នឹងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា។

ជាមួយគ្នានោះ ពិព័រណ៍នេះ ផ្ដល់ឱកាសដល់វិស័យឯកជនក្នុងការចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និង ផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា។
ពិព័រណ៍នេះក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិតផលធម្មជាតិជាច្រើនប្រភេទ ក៏ដូចជាមានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្តែង ល្ខោនស្បែកតូច និងការប្រគុំតន្ត្រីក្រុមតូច ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត និងសាធារណជន អាចចូលទស្សនាដោយសេរី នៅថ្ងៃទី០៧ មេសា ចាប់ពីម៉ោង ១៧:០០នាទី ដល់ម៉ោង ២១:០០នាទី ថ្ងៃទី០៨ និងថ្ងៃទី០៩ មេសា ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ២១:០០នាទី៕
.jpg?1680511494)
.jpg?1680511521)
.jpg?1680511534)
.jpg?1680511545)

