ភ្នំពេញ៖ កញ្ញា រី រង្សី ដែលមានឈ្មោះសិល្បៈថា យុំាង លេឌី ជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយនៅភ្នំពេញ និងឆ្លៀតពេលទំនេរនិពន្ធបទចម្រៀងដែលមានអត្ថន័យលើកទឹកចិត្តយុវជនដោយពឹងផ្អែកលើបទពិសោធន៍ជិវិតផ្ទាល់ខ្លួនដែលបានឆ្លងកាត់។
កញ្ញា រង្សី ជាសិល្បករឯករាជ្យមួយរូបដែលមានប្រជាប្រិយភាពក្នុងការផលិតចម្រៀងដែលបង្កប់អត្ថន័យលើកទឹកចិត្តយុវជនឱ្យពេញចិត្តនឹងអ្វីដែលខ្លួនមាន និងតស៊ូក្នុងជីវិតមិនថាមានបញ្ហាអ្វីក៏ដោយ។ ។ កញ្ញាសរសេរចម្រៀងដោយពឹងផ្អែកលើរឿងរ៉ាវដែលបានជួបផ្ទាល់ខ្លួន និងរឿងរ៉ាវដែលសិស្ស ឬ អ្នកគាំទ្រ កញ្ញាបានចែករំលែកដោយប្រយោលមកកាន់កញ្ញា។
បើតាមកញ្ញា រង្សី បានឱ្យដឹងថា កញ្ញាបានចាប់ផ្តើមស្រលាញ់វិស័យសិល្បៈកាន់តែខ្លាំងនៅរយៈពេល ៣ ឆ្នាំមុន រហូតដល់ឈានទៅដល់ការដាក់ពាក្យពង្រឹងសមត្ថភាព និងបានឆ្លងកាត់ការដុសខាត់សមត្ថភាពដោយមានការរួមចំណែកពីអ្នកជំនាញផងដែរ។ ក្រោយមកកញ្ញាក៏បានសហការជាមួយនឹងមិត្តរបស់ខ្លួនក្នុងការផលិតចម្រៀងជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ កញ្ញាបានចេញបទចម្រៀងប្រមាណ ២០ បទមកហើយ។
កញ្ញា រង្សី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា មូលហេតុដែលកញ្ញាជ្រើសរើសការបង្រៀន និងការច្រៀងក្នុងពេលតែមួយដោយសារតែកញ្ញាស្រលាញ់ទាំងការចែករំលែក និងសិល្បៈដោយមិនអាចបោះបង់មួយណានោះឡើយ។
ថ្វីត្បិតតែកញ្ញាមានភាពលំបាកក្នុងពេលគ្រប់គ្រងពេលវេលាយ៉ាងណាក៏ដោយដែលត្រូវបង្រៀនផង និងឆ្លៀតផលិតចម្រៀងផង កញ្ញានៅតែបន្តក្នុងការផលិតចម្រៀងជាបន្តបន្ទាប់ ដោយសារតែមានការគាំទ្រពីសំណាក់យុវជន និងអ្នកដែលនៅជុំវិញខ្លួនដែលតែងជម្រុញទឹកចិត្តកញ្ញាផងដែរ។
កញ្ញា រង្សី បានបញ្ជាក់ថា ការសរសេរចម្រៀងផង និងច្រៀងដោយខ្លួនឯងផងមិនមែនជាឧបសគ្គសម្រាប់កញ្ញានោះឡើយ ដោយសារតែកញ្ញាមិនដាក់សម្ពាធបង្ខំខ្លួនឯងពេកនោះឡើយ នៅពេលដែលកញ្ញានឹកឃើញមួយឃ្លា កញ្ញាសរសេរទុកមួយឃ្លា ពេលទំនេរក៏សាកល្បងរកភ្លេងដែលសមជាមួយនឹងឃ្លាចម្រៀង ដើម្បីផ្គុំគ្នារហូតចេញជាបទចម្រៀងមួយបទៗ៕