![](https://cdn.cc-times.com/kh.cc-times.com/media/30540/large/338823094_4930899623701958_3910811654796611282_n.jpg?1680419268)
មណ្ឌលគិរី៖ ប្រភេទសត្វស្លាបសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាកំពុងរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ទីជម្រក និងការទន្ទ្រានយកដី។ សត្វស្លាបដែលដាក់ពងនៅលើដីងាយរងគ្រោះពីព្រានព្រៃ ចំណែកឯសត្វស្លាបដែលដាក់សំបុកនៅលើដើមឈើងាយរងគ្រោះដោយសារការកាប់ឈើ ការបរបាញ់ និងការឈូសឆាយដី។
គម្រោង USAID មរតកបៃតងកំពុងគាំទ្រដល់សហគមន៍នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃលំផាត់ ដើម្បីការពារប្រភេទសត្វស្លាបដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជា សត្វត្រយងយក្ស សត្វត្រយងចង្កំកស សត្វក្រៀល និងសត្វត្រដក់តូច។ តាមរយៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា គម្រោងនេះគាំទ្រដល់សមាជិកសហគមន៍មូលដ្ឋានចំនួនប្រាំបីនាក់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដើម្បីតាមដាន និងការពារសំបុកចំនួន ២៧ របស់សត្វត្រដក់តូច។
![](https://cdn.cc-times.com/kh.cc-times.com/media/30541/large/339082737_886808932621254_9196620104120804009_n.jpg?1680419296)
កិច្ចខិតខំប្រឹងប្រែងនេះបានធានាសុវត្ថិភាពរបស់សំបុកសត្វស្លាប ដែលអនុញ្ញាតឱ្យពងញាស់ និងធានាថាកូនសត្វស្លាបអាចហោះហើរដោយសុវត្ថិភាព។ ចាប់តាំងពីការចាប់ផ្តើមនៃការគាំទ្ររបស់គម្រោង USAID មរតកបៃតង សត្វត្រដក់តូចចំនួន ៤៨ ក្បាលធំធាត់មានស្លាបអាចហើរបានដោយសុវត្ថភាពចេញពីសំបុកចំនួន២៥ក្នុងចំណោម២៧សំបុកដែលបានការពារ។
ការសិក្សាជាច្រើនបានបង្ហាញថាកម្មវិធីការពារសំបុកសត្វស្លាបមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការគំរាមកំហែងដល់ប្រភេទសត្វស្លាបដែលជិតផុតពូជ។ កម្មវិធីនេះលើកទឹកចិត្តប្រជាជនក្នុងតំបន់ឱ្យកំណត់ទីតាំង រាយការណ៍ និងតាមដានទីតាំងសំបុក ដូច្នេះហើយអាចកាត់បន្ថយការគំរាមកំហែងដល់កូនសត្វស្លាប និងពងរបស់ពួកវា។ សមាជិកសហគមន៍គឺជាអ្នកការពារសំបុកសត្វស្លាប និងការពារហានិភ័យទាំងឡាយដែលអាចកើតមានឡើង៕
![](https://cdn.cc-times.com/kh.cc-times.com/media/30542/large/338856955_2958033834328632_7363340765423226520_n.jpg?1680419311)