Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ពណ៌«ត្នោតមាស»និមិត្តសញ្ញា«ឆ្នាំទស្សនាកម្ពុជា២០២៣»ធាតុសំខាន់មកពីអង្គរវត្តនិងមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ពណ៌«ត្នោតមាស» (Golden Brown) គឺជាពណ៌ចម្បងក្នុងការជ្រើសយកមកប្រើប្រាស់ក្នុងនិមិត្តសញ្ញា នៃយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដែលតំណាងឱ្យទិដ្ឋភាព និងទេសភាពធម្មជាតិនាពេលព្រះអាទិត្យចាប់ផ្តើមរះ បរិយាកាសក្តៅល្មមៗ ប្រជាជនពោពេញដោយស្នាមញញឹមកក់ក្តៅ ស្រមោលចាំងពីពន្លឺនៃវប្បធម៌ដ៏រស់រវើកលើដែនដីសុវណ្ណភូមិ នៃព្រះរាជាណាចក្រកម្ពុជា។

តើតាមក្រសួងទេសចរណ៍ តាមការសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៤៩% បានឆ្លើយថាកត្តាដែលទាក់ទាញឱ្យមកកាន់កម្ពុជាគឺ «ប្រាសាទអង្គរវត្ត» និង ៦២% បានឆ្លើយថា «កត្តាមនុស្ស» គឺជាកត្តាវិជ្ជមានរបស់កម្ពុជានៅពេលដែលពួកគេបានមកដល់ និងធ្វើដំណើរទស្សនកិច្ចកម្សាន្តរួចមក។ ដូច្នេះ ឈរលើលទ្ធផលទាំងនេះ ក្រសួងទេសចរណ៍សាកល្បងធ្វើការកំណត់ធាតុសំខាន់ៗ ដើម្បីឈានដល់ការរៀបចំនិមិត្តសញ្ញា។

ប្រាសាទអង្គរវត្ត មានក្បាច់ និងចម្លាក់លើជញ្ជាំងប្រាសាទ និងមានបាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ ឬ បាតុភូតសមរាត្រី (Equinox) ដែលមានធាតុសំខាន់ៗ ដូចជា ការរចនាក្បាច់ប្រាសាទ និង ពណ៌ត្នោត ដែលតំណាងឱ្យពណ៌របស់ប្រាសាទ។ កត្តាមនុស្ស សំដៅដល់ ប្រជាពលរដ្ឋខ្មែរដែលផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងល្អ និងទទួលស្វាគមន៍ជាមួយស្នាមញញឹមពោរពេញដោយក្តីស្រលាញ់ និងកក់ក្តៅ ដែលមាន បដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ ជាធាតុសំខាន់។

ដូច្នេះ ការរៀបចំនូវនិមិត្តសញ្ញារបស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» គឺដើរស្របតាមខ្លឹមសារ ដូចជា យុទ្ធនាការផ្សព្វផ្សាយ ផ្តល់ភាពកក់ក្តៅ សាមញ្ញ ទាក់ទាញ និងងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដែលជាហេតុ ក្រសួងទេសចរណ៍ជ្រើសរើសយកពណ៌តែមួយ។ បន្ថែមពីនេះ គឺទីផ្សារគោលដៅ ជាភ្ញៀវទេសចរ ពិសេសទីផ្សារទេសចរណ៍អន្តរជាតិ ដែលធ្វើឱ្យក្រសួងទេសចរណ៍ជ្រើសរើសយកពាក្យ និងភាសាអង់គ្លេស «Visit Cambodia 2023 - Every day is a Wonder» ដែលនឹងជំរុញចិត្តរបស់ភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង