Yearendyearend1140x150

ក្រសួងព័ត៌មានចុះបញ្រ្ជាបអក្ខរកម្មព័ត៌មានដល់អ្នកសារព័ត៌មានតាមបណ្តាខេត្ត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កំពត៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាថ្ងៃទី៣០ មីនា បានរៀបចំកម្មវិធី បណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សាអ្នកសារព័ត៌មានក្នុងស្រុកជាប់ព្រំដែនវៀតណាម ទៅកាន់ខេត្តកំពត ដើម្បីនាំអ្នកសារព័ត៌មានទៅទស្សនកិច្ចនៅតំបន់មានសក្ដានុពលនៅក្នុងខេត្តកំពត។ នៅក្នុងកម្មវិធីនេះដែរ ក៏មានការបញ្រ្ជាបអក្ខរកម្មព័ត៌មានទៅដល់អ្នកសារព័ត៌មាន ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន។

កម្មវិធី បណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សាអ្នកសារព័ត៌មានក្នុងស្រុកជាប់ព្រំដែនវៀតណាម បានរៀបចំនៅក្នុងខេត្តកំពត ជាលើកដំបូង។ នោះក៏ព្រោះតែខេត្តកំពតជាខេត្តដែលមានសក្ដានុពល ទាំងវិស័យទេសចរណ៍ និងវិស័យឧស្សាហម្ម។ ជាពិសេសខេត្តកំពត ជាខេត្តមួយដែលមានសក្ដានុពលសម្រាប់ការផលិតស៊ីម៉ងត៍ នៅកម្ពុជា ផងដែរ។ នៅក្នុងកម្មវិធីនេះ ក៏បាននាំអ្នកសារព័ត៌មានប្រមាណជា៣០នាក់ ទៅទស្សនកិច្ចសិក្សានៅរោងចក្រផលិតបាវ ដែលជារោងចក្រផលិតបាវដំបូងគេនៅកម្ពុជា និងស្រែអំបិល ដែលជាកម្មសិទ្ធផ្ដាច់មុខរបស់ខេត្តកំពត។

ក្រៅពីដំណើរទស្សនកិច្ចសិក្សាទៅកាន់កន្លែងទាំងពីរនេះ អគ្គនាយកដ្ឋានព័ត៌មាន ក៏បានធ្វើការបញ្រ្ជាបអក្ខរកម្មព័ត៌មាន ទៅដល់អ្នកសារព័ត៌មាន ដែលមកពីភ្នំពេញ កំពត កែប និងខេត្តតាកែវ។ អក្ខរកម្មព័ត៌មាន ជាកម្មវិធីមួយដែលសំខាន់ នៅក្នុងការទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មានដែលមកពីខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនវៀតណាម។

បើតាមឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន អគ្គនាយកដ្ឋានព័ត៌មាន បានជ្រើសរើស និងបញ្រ្ជាបអក្ខរកម្មព័ត៌មាន ដោយចាប់ផ្ដើមពីខេត្តកំពត។ ហើយការបញ្ជ្រាបអក្ខរកម្មសារព័ត៌មាន មិនមែនធ្វើនៅតាមបណ្ដាខេត្តជាប់ព្រំដែននោះឡើយ ប៉ុន្ដែនឹងធ្វើនៅគ្រប់ខេត្តទាំងអស់ រួមទាងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រសិនបើមានជំនួយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង