Yearendyearend1140x150

ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games បានសហការគ្នារៀបចំទិវាគ្រួសារប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយនៅខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ឬ NagaWorld Kind Hearts ដែលជាផ្នែកការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលសហការជាមួយ Beyond The Games (BTG) បានរៀបចំទិវាគ្រួសារក្នុងខេត្តកំពង់ស្ពឺប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនានៅឯកីឡដ្ឋានកំពង់ស្ពឺដែលទើបនឹងសម្ពោធថ្មីៗ។ គោលបំណងនៃទិវានេះ មានគោលបំណងជួយផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជានឹងរៀបចំឡើងលើកដំបូងក្នុងខែឧសភា ឆ្នាំ២០២៣ ដែលផ្តល់ជូននូវសកម្មភាពសប្បាយៗ និងល្បែងកម្សាន្តបែបអប់រំពាក់ព័ន្ធនឹងការអភិរក្សបរិស្ថាន និងកីឡាដ៏សម្បូរបែប។

ទិវាគ្រួសារដ៏សប្បាយរីករាយនេះ ត្រូវបានចូលរួមជាភ្ញៀវកិត្តិយសដោយឯកឧត្តម សរ សុពុត្រា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្តកំពង់ស្ពឺ លោក ទឹម ផានូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងច្បារមន និងជាអភិបាលនៃគណៈអភិបាលក្រុងច្បារមន មន្ត្រីតំណាងមកពីយុទ្ធនាការ Beyond The Games បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្លិបបាល់ទាត់ណាហ្គាវើលដ៍។ មានអ្នកចូលរួមប្រមាណ ១.៥០០ នាក់បានចូលរួមក្នុងទិវាគ្រួសារដែលរួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ក្នុងទិវានេះ ក៏មានបុគ្គលិកណាហ្គាវើលដ៍ជាង ៣០ នាក់បានចំណាយពេលវេលាផ្ទាល់ខ្លួនស្ម័គ្រចិត្តដើម្បីជួយរៀបចំស្តង់ សម្របសម្រួលការលេងហ្គេមរបស់អ្នកចូលរួម និងបង្កើនទំនាក់ទំនងជាមួយអ្នកចូលរួមផងដែរ។

កីឡដ្ឋានកំពង់ស្ពឺដែលទើបនឹងសម្ពោធថ្មីៗនេះ ត្រូវបានកសាងឡើងស្របតាមស្តង់ដារអន្តរជាតិ និងអាចផ្ទុកអ្នកទស្សនាបាន ៣.០០០ នាក់។ កីឡដ្ឋាននេះក៏ជាកីឡដ្ឋានក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ផងដែរ។ សម្រាប់ទិវាគ្រួសារនេះ កីឡដ្ឋាននេះត្រូវបានបែងចែកជា ៣ ផ្នែកដែលសាធារណជនអាចលេងល្បែងកម្សាន្តជាច្រើនប្រភេទ។ នៅផ្នែកស្តង់ណាហ្គាវើលដ៍បេះដូងសប្បុរស មានហ្គេមអប់រំបែបបរិស្ថានពាក់ព័ន្ធនឹងការកែច្នៃឡើងវិញ និងការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ សកម្មភាពមួយទៀត គឺអ្នកចូលរួមអាចឧបត្ថម្ភកូនឈើដើម្បីក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសយកទៅដាំដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។ កូនឈើសរុបប្រមាណ ១១០ ដើមត្រូវបានឧបត្ថម្ភនៅចុងបញ្ចប់នៃទិវាគ្រួសារ ហើយដើមឈើទាំងនេះនឹងត្រូវយកដាំដោយមានដាក់ឈ្មោះអ្នកឧបត្ថម្ភទៀតផង។ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានដាក់តាំងបង្ហាញសកម្មភាព ៩ ឆ្នាំចុងក្រោយ និងពានរង្វាន់ Stevie ដ៏មានកិត្យានុភាពដែលពួកគេបានឈ្នះ រួមទាំងពានរង្វាន់ Stevie មាសប្រចាំប្រទេសកម្ពុជាតែមួយគត់ដែលពួកគេទទួលបានក្នុងឆ្នាំ២០២១ ផងដែរ។ ពានរង្វាន់ Stevie ត្រូវបានចាត់ទុកថាជាពានរង្វាន់ Oscar ក្នុងវិស័យធុរកិច្ចដែលទទួលស្គាល់សកម្មភាពសង្គមឆ្នើមលក្ខណៈអន្តរជាតិ។ អ្នកចូលរួមជាច្រើនក៏បានថតរូបជាមួយពានរង្វាន់ Stevie ដ៏ធំនេះទុកជាអនុស្សាវរីយ៍ផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “យើងមានកិត្តិយសដែលបានសហការជាមួយ Beyond The Games រៀបចំទិវាគ្រួសារដើម្បីអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ ខ្ញុំពិតជារំភើបរីករាយចំពោះវត្តមានដ៏ច្រើនកុះកររបស់អ្នកចូលរួម ហើយសង្ឃឹមថា អ្នកចូលរួម នឹងទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗដែលបង្ហាញអំពីការចេះសាមគ្គីគ្នា និងលើកស្ទួយកិត្តិសព្ទប្រទេសកម្ពុជាបង្ហាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅតាមសហគមន៍”។

គួរបញ្ជាក់ថា យុទ្ធនាការ Beyond The Games ត្រូវបានបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលទទួលខុសត្រូវការលើកស្ទួយ និងចែករំលែកព័ត៌មានអំពីការធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងទិវាគ្រួសារនេះ មានល្បែងកម្សាន្តសប្បាយៗ និងហ្គេមដែលបង្កប់ន័យអប់រំជាច្រើន ដូចជា ហ្គេមពាក់ព័ន្ធនឹងបរិស្ថាន ការស៊ុតបាល់បញ្ចូលទី ការត្រែះបាល់ ជាដើមដែលអ្នកឈ្នះទទួលបានរង្វាន់ផងដែរ។ អ្នកចូលរួម ក៏បានជួយបត់ក្រដាសរាងបេះដូងដើម្បីជួយ BTG ឱ្យទទួលបានក្រដាសរាងបេះដូងចំនួន ១ លានដើម្បីបំបែកឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។

គ្រូបង្គោលនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍លោក ឃឹម បូរី ខ្សែប្រយុទ្ធឆ្នើមលោក គួច សុកុម្ភៈ និងកីឡាករជាច្រើនទៀត ក៏មានវត្តមាននៅទីនោះដើម្បីជួប ស្វាគមន៍ និងលេងហ្គេមបាល់ទាត់ ដូចជា ស៊ុតបាល់បញ្ចូលទី ត្រែបាល់ និងទាត់ដោយសេរីជាមួយអ្នកគាំទ្រផងដែរ។ អ្នកឈ្នះពីការលេងហ្គេម ទទួលបានអាវ និងវត្ថុអនុស្សាវរីយ៍ជាច្រើនពីក្លិបបាល់ទាត់ណាហ្គាវើលដ៍។

*****

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៦.៥៤០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។  


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង