
ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៅថ្ងៃទី៣០មីនា បានសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ដឹកសត្វជ្រូករស់ចំនួន៧៣ក្បាល (ទម្ងន់ចន្លោះពី១០ទៅ១៨គីឡូក្រាម) ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

ក្រុមការងារបានឃាត់នៅភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកជ្រូក)។ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

