
ភ្នំពេញ៖ កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នាថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២៣។ ក្រសួងទេសចរណ៍រំពឹងទុកថាព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសជួយផ្សព្វផ្សាយបង្ហាញ និងទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកវេទិកាទេសចរណ៍មេគង្គនេះ គឺជាជាឱកាសមាសមួយទៀតក្នុងការជួយផ្សព្វផ្សាយបង្ហាញដល់ប្រតិភូអន្តរជាតិ ក៏ដូចជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។

លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរ បានឱ្យដឹងថា វេទិកានេះ ក៏នឹងមានការរៀបចំទីតាំងពិព័រណ៍ប្រកបដោយនិរន្តភាព (Sustainable Tourism Exhibition) ចំនួន២០ទីតាំង នៅសណ្ឋាគារឯករាជ្រ ដោយក្នុងនោះទីតាំងចំនួន៦ នឹងត្រូវរៀបចំរចនាដោយក្រសួងទេសចរណ៍សម្រាប់ប្រទេសជាសមាជិក GMS។ ក្រៅពីនេះក៏មានការរៀបចំការតាំងបង្ហាញពិព័រណ៍រូបភាពគោលដៅថ្មីៗរបស់ប្រទេសជាសមាជិក GMS ដោយបានរៀបចំតាមរូបភាពដែលប្រទេស GMS បានប្រគល់ជូន។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គលើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ គឺមានពាក់ព័ន្ធនឹងប្រទេសចំនួន៥ជាសំខាន់ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយក៏មានវាគ្មិននិងអ្នកជំនាញទេសចរណ៍មកពីបណ្ដាប្រទេសផ្សេងផងដែរ៕
