Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាករទឹកស្វយ័តភ្នំពេញសុំការអធ្យាស្រ័យចំពោះការខ្វះទឹក និងអំពាវនាវពលរដ្ឋសន្សំសំចៃទឹកប្រើប្រាស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៣ មីនា បានចេញសេចក្ដីប្រកាស សុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ដែលខ្លះខាតទឹកប្រើប្រាស់នៅរដូវប្រាំង បានអំពាវនាវដល់អតិថិជនទាំងអស់ទាំងនៅ ភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជនដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់, អធ្យាស្រ័យ, ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ២០២៣ តទៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមថា នៅដើមខែកុម្ភៈ ដល់ខែមីនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបានព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកមានបញ្ហាខ្សោយ។ ចំពោះខណ្ឌដែលមានបញ្ហាទឹកប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ជាយរាជធានីភ្នំពេញ។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០២៣នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា នៅដើមឆ្នាំ២០២៤ នឹងផលិតទឹកស្អាតបាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែម ដែលធ្វើឲ្យសមត្ថភាពសរុបរបស់ទឹក មានរហូតដល់ជាង១លាន ម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ អតិថិជនដែលរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង