
ភ្នំពេញ៖ ដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិ លើកកម្ពស់ការអានរបស់កុមារ កៀរគរថវិកាសម្រាប់ទិញសៀវភៅអាន និងសាងសង់បណ្ណាល័យនៅស្រុកជាំក្សាន្ត និងស្រុកព្រែកប្រសព្វ ខេត្តព្រះវិហារ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ សាលារៀន សហគមន៍២១ និងCoconut Park នឹងរួមគ្នារៀបចំកម្មវិធី «អំណានឮៗ» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៧:០០ យប់ នៅក្នុងបរិវេណ Coconut Park កោះពេជ្រ។

នេះជាលើកទី២ហើយ ដែលអង្គការទស្សនៈពិភពលោក រៀបចំកម្មវិធី «អំណានឮៗ»។ សម្រាប់ឆ្នាំនេះ អង្គការទស្សនៈពិភពលោក មានគោលដៅកៀរគរសៀវភៅឱ្យបានចំនួន ១ ម៉ឺន ក្បាល ដើម្បីឱ្យកុមារកាន់តែច្រើន ដែលរស់នៅតាមតំបន់ដាច់ស្រយាល មានឱកាសទទួលបានសៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន។
លោក វ៉ា សុរិន្ទ ប្រធានកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «អង្គការទស្សនៈពិភពលោក កំពុងធ្វើយុទ្ធនាការសៀវភៅអាន ១ ម៉ឺន ក្បាល ដើម្បីលើកកម្ពស់ការអានរបស់កុមារ។ ការវិនិយោគលើការអាន ជាពិសេសសម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់។ សៀវភៅ ជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពីវប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត»។

ការអប់រំជាវិស័យមួយ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបិទខ្ទប់រយៈពេលយូរបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ផលប៉ះពាល់នៃការបិទសាលារៀនរយៈពេល១៨ខែ បានធ្វើឱ្យការអប់រំរបស់កុមាររាប់លាននាក់ ត្រូវប្រឈមនឹងហានិភ័យកាន់តែខ្ពស់។ ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងឆ្នាំ២០២១ បានរកឃើញថា កុមារសិក្សាថ្នាក់ទី៦ ដែលអាចអានបានមានត្រឹម៤៥% ចំណែក៥៥% ទៀត មិនមានសមត្ថភាពអាន ដោយសារកត្ដាជីវភាព និងភូមិសាស្ដ្រ។
លោក ច័ន្ទ បេត្តា អនុប្រធានសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ ក៏មើលឃើញដែរថា វប្បធម៌អាននៅកម្ពុជា ថ្វីត្បិតមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ ជាពិសេសនៅក្នុងចំណោមកុមារតូចៗ នៅតំបន់ដាច់ស្រយាល។
លោក បេត្តា លើកឡើងយ៉ាងដូច្នេះ ៖ «ការអាននៅកម្ពុជា ជាពិសេសនៅក្នុងចំណោមកុមារតូចៗ នៅតំបន់ដាច់ស្រយាល មានទម្លាប់តិចតួច ឬកុមារខ្លះ មិនមានទម្លាប់អានសៀវភៅនោះទេ ដោយសារតែកត្តាមួយចំនួន ដូចជា កត្តាធនធាន កង្វះទម្លាប់អានសៀវភៅ និងកត្តាមជ្ឈដ្ឋានជុំវិញ ជាដើម។ ដូច្នេះហើយយើងជឿជាក់ថា ការបរិច្ចាគរបស់សាធារណៈជន ពិតជាមានសារៈសំខាន់សម្រាប់សាលារៀន ដែលកំពុងខ្វះខាតសៀវភៅអាន សម្ភារៈសិក្សា សម្ភារៈបណ្ណាល័យ ឬបណ្ណាល័យ សម្រាប់សិស្សានុសិស្សស្រាវជ្រាវបន្ថែម ជំរុញអក្ខរកម្ម និងអំណានរបស់កុមារកម្ពុជា»។

នៅក្នុងឆ្នាំ២០២២ កន្លងទៅ អង្គការទស្សនៈពិភពលោក ទទួលបានថវិកា ចំនួនជាង ២៤០០ ដុល្លារ និងសៀវភៅអានចំនួនជាង ៥០០ ក្បាល ហើយក៏បានប្រគល់ជូនជំរំអំណាន និងសាលារៀនគោលដៅ ដែលស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។ នៅចម្ងាយជាង៣០ គីឡូម៉ែត្រ ពីទីរួមស្រុកជាំក្សាន្ត ជំរំអំណាន នៅឃុំកន្ទួត ជាជំរំអំណានមួយ ក្នុងចំណោម ជំរំផ្សេងទៀតដែលទទួលបានការបរិច្ចាគពីកម្មវិធី «អំណានឭៗ» ។


