681 ezgif.com resize
Swift cc time

ទូតអាម៉េរិកចុះហត្ថលេខាលើបាល់ភ្លើងគប់កីឡាអូឡាំពិកជាការគាំទ្រសកម្មភាពអាកាសធាតុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា (រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា)

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy នាថ្ងៃទី២៣ មីនា បានចុះហត្ថលេខាលើ «គ្រាប់បាល់» ឬ The Ball ដែលតាមកីឡាបាល់ទាត់ មានន័យស្មើនឹងភ្លើងគប់កីឡាអូឡាំពិក នៅក្នុងការប្រកួតកីឡាបាល់ទាត់ដោយស្មើភាពមួយ នៅទីលាន Central Park Sports Complex ដែលនេះជាការបង្ហាញឲ្យឃើញការប្តេជ្ញាចិត្តយូរអង្វែងរបស់អាម៉េរិក នៅក្នុងការដោះស្រាយបញ្ហាវិបត្តិអាកាសធាតុ។

បាល់នេះ ធ្វើដំណើរពីកន្លែងនៃការប្រកួតបាល់ទាត់ផ្លូវការលើកដំបូងរបស់ពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីឆ្នាំ ១៨៦៤ នៅ Battersea Park នៅទីក្រុងឡុងដ៏ ដល់ Eden Park នៃទីក្រុង Auckland នៃប្រទេសណូវែលសេឡង់ ជាទីដែលការចាប់ផ្តើមនៃការប្រកួតកីឡាបាល់ទាត់ពិភពលោកផ្នែកនារី នៅឆ្នាំ២០២៣។ ពេលដែលបាល់ធ្វើដំណើរនៅជុំវិញពិភពលោក វាប្រមូលបានហត្ថលេខារបស់អ្នកដែលសន្យាគាំទ្រការលើកកម្ពស់សមភាពយេនឌ័រ និងសកម្មភាពផ្នែកអាកាសធាតុ។ តាំងពីឆ្នាំ ២០០២ មក មានមនុស្សចំនួនជាង ៥៥ ០០០ នាក់ នៅក្នុងប្រទេសចំនួន ៥៥ បានចុះហត្ថលេខាលើបាល់នេះ។

ស្ថានទូតអាមេរិកនៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) កំពុងរៀបចំការធ្វើដំណើរជាសាកលរបស់គ្រាប់បាល់ The Ball ដោយឆ្លងកាត់ទីក្រុងភ្នំពេញ ពីថ្ងៃទី ២៣ ដល់ ២៥ ខែមីនា ឆ្នាំ ២០២៣។ អង្គការស្មារតីនៃកីឡាបាល់ទាត់ នឹងបើកសិក្ខាសាលារយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ២៣ និងទី ២៤ ខែមីនា ដែលក្នុងនោះ នឹងមានការបង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដោយមានអ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មក បាល់ទាត់នេះនឹងធ្វើដំណើរទៅសៀមរាប និងបាត់ដំបង។

ឯកអគ្គរដ្ឋទូតអាម៉េរិក លោក Murphy បានមានប្រសាសន៍ថា កីឡាបាល់ទាត់ ដែលជាកីឡាដ៏ល្អ គឺជាវិធីធ្វើឲ្យគេមានការសប្បាយ និងបណ្តុះគំនិតច្នៃប្រឌិត ដែលធ្វើឲ្យគេមានការរួបរួមគ្នា និងឯកភាពលើបញ្ហាជាសាកល ដែលប៉ះពាល់មនុស្សជាតិទាំងមូល។ អាម៉េរិកមានមោទនភាពក្នុងការធ្វើការជាមួយដៃគូ ដូចជាអង្គការស្មារតីកីឡាបាល់ទាត់នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ហើយលើកទឹកចិត្តយុវជនកម្ពុជា ជាពិសេស ឲ្យមានការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន៕

Khcct banner

អត្ថបទទាក់ទង