ភ្នំពេញ៖ កញ្ញា មឿន សេងហាន ជាសិស្សម្នាក់ក្នុងចំណោមសិស្សប៊ីបចំនួន៧០រូបដទៃទៀត ដែលបានចូលរួមប្រឡងបញ្ចប់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ដែលបានរៀបចំកាលពីសប្តាហ៍កន្លងទៅ។ ខណៈដែលអ្នកសិក្សាប៊ីបភាគច្រើនចូលរួមប្រឡងនៅមណ្ឌលសិក្សាក្នុងប្រទេស សេងហាន បានចូលរួមប្រឡងតាមប្រព័ន្ធអ៊ីនធឺណិតពីប្រទេសកូរ៉េខាងត្បូង ជាទីតាំងដែលនាងកំពុងបំពេញការងារ។
បើតាមក្រសួងអប់រំ កញ្ញា សេងហាន បានឈប់រៀនថ្នាក់ទី៩ ដើម្បីមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ កញ្ញាតែងតែស្វែងរកឱកាសដើម្បីបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ ខណៈពេលដែលកញ្ញាកំពុងធ្វើការនៅទីនេះ។ ថ្ងៃមួយបងប្រុសរបស់កញ្ញាបានប្រាប់អំពីប៊ីប ហើយកញ្ញាក៏បានចុះឈ្មោះក្នុងកម្មវិធីនេះកាលពីខែធ្នូ ឆ្នាំមុន។
កញ្ញា សេងហាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបញ្ចប់កម្មវិធីនេះ ដោយសិក្សានៅលើទូរសព្ទដៃ និងកុំព្យូទ័រ ទោះបីជាត្រូវធ្វើការ និងសិក្សាក្នុងពេលជាមួយគ្នាក៏ដោយ។ បន្ថែមពីនេះ កញ្ញាក៏បានលើកទឹកចិត្តមិត្តភក្តិខ្មែរមួយចំនួនដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូង ឲ្យចុះឈ្មោះចូលរៀនប៊ីបផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២០ មក ប៊ីប បានគាំទ្រអ្នកសិក្សាជាង ១៨00 នាក់ក្នុងការបញ្ចប់ការអប់រំជាមូលដ្ឋានរបស់ពួកគេ។ នៅឆ្នាំ ២០២២ អ្នកសិក្សាចំនួន ៤២០ នាក់បានទទួលវិញ្ញាបនបត្រ ប៊ីប របស់ពួកគេដែលទទួលស្គាល់ដោយក្រសួងអប់រំ និងក្រសួងការងារ ដែលមានតម្លៃសមមូលថ្នាក់ទី ៩ ដែលអាចឱ្យអ្នកសិក្សាចុះឈ្មោះក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញផ្លូវការ៕